អាមេរិក់៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤ លោកនឹងស្វះស្វែងឲ្យមានការលុបចោលការផ្ដល់សញ្ជាតិ ដោយស្វ័យប្រវត្តិដល់កុមារដែលកើតនៅសហរដ្ឋអាមេរិកពីជនអន្តោប្រវេសន៍នៅក្នុងប្រទេសដោយខុសច្បាប់ ដោយនេះជាផែនការដែលផ្ទុយនឹងវិសោធនកម្ម ក្នុងសតវត្សរ៍ទី១៩ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបកស្រាយពន្យល់ជាយូរមកហើយ។

លោក Trump ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ នៅក្នុងសមរភូមិ ដែលមានអ្នកឈរឈ្មោះកាន់តែច្រើនឡើងនោះ បាននិយាយនៅក្នុងវីដេអូធ្វើយុទ្ធនាការមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ថា លោកនឹងចេញក្រឹត្យមួយ ដោយណែនាំឲ្យភ្នាក់ងារសហព័ន្ធបញ្ឈប់នូវអ្វីដែលគេស្គាល់ថាជាសិទ្ធិពលរដ្ឋពីកំណើត។ សកម្មភាពរបស់លោក Trump បែបនេះ ប្រាកដណាស់ នឹងនាំឲ្យមានបញ្ហាប្រឈមផ្នែកច្បាប់ជាមិនខាន។

ការទទួលបានសញ្ជាតិពីកំណើត កើតមានឡើងពីវិសោធនកម្មលើកទី១៤ របស់រដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តនៅឆ្នាំ១៨៦៨ ពោលគឺបីឆ្នាំបន្ទាប់ពីការរលត់ភ្លើងសង្រ្គាមស៊ីវិលអាមេរិក (American Civil War) ដែលបានបញ្ចប់ទំនៀមទម្លាប់នៃការមានទាសករស្បែកខ្មៅ នៅក្នុងរដ្ឋភាគខាងត្បូង ហើយបានលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានឃុំឃាំងទាសករនោះ និងដោះលែងជនជាតិអាហ្វ្រិកកាត់អាមេរិក មិនមានសិទ្ធិទទួលបានសញ្ជាតិអាមេរិកទេ។
យុទ្ធនាការរបស់លោក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រឹត្យដែលត្រូវបានស្នើឡើង ដែលគ្រោងសម្រាប់ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក Trump ក្នុងតំណែង នឹងតម្រូវឲ្យយ៉ាងហោចណាស់ឪពុកឬម្តាយម្នាក់ ជាពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដើម្បីឲ្យកូនៗរបស់ពួកគេក្លាយជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ៕