អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ (ទី៣០ ខែឧសភា) បានជំរុញឲ្យប្រទេសទួរគីសម្រេចជាបន្ទាន់នូវការចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធាណាតូ (NATO) របស់ប្រទេសស៊ុយអែត ដោយនិយាយថា ប្រទេសអឺរុបខាងជើង (Nordic) បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់របស់ទីក្រុងអង់ការ៉ា (Ankara) ចំពោះការសុំសមាជិកភាពនេះ។

ជាមួយគ្នានេះ លោក Blinken ក៏បានច្រានចោលផងដែរនូវការលើកឡើងដែលថា ការយល់ព្រមរបស់ទួរគី សម្រាប់ការស្នើសុំចូលសម្ព័ន្ធភាពណាតូរបស់ស៊ុយអែតនេះ មានពាក់ព័ន្ធទៅនឹងការលក់យន្តហោះចម្បាំង F-16 ឲ្យទីក្រុងអង់ការ៉ា ទោះបីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ បាននិយាយយោងទៅទំនាក់ទំនង រវាងប្រទេសទាំងពីរក៏ដោយ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត ក្នុងទីក្រុង Lulea ភាគខាងជើងប្រទេសស៊ុយអែត លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តការងារ ដើម្បីបញ្ចប់ទាំងស្រុងនូវការចូលជាសមាជិករបស់ប្រទេសស៊ុយអែតឲ្យបានទាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធណាតូ នៅពាក់កណ្តាលខែកក្កដា ដែលនឹងនាំឲ្យមានការជួបគ្នានៃប្រមុខរដ្ឋរបស់សម្ព័ន្ធភាពនេះ។

លោក Blinken បានប្រាប់ថា៖ «យើងជឿថាពេលវេលាមកដល់នៅពេលនេះហើយ ហើយក៏មិនមានហេតុផលដែលថាមិនដំណើរការទៅមុខបាននោះដែរ។ ប្រទេសទួរគីបានលើកឡើងពីកង្វល់ធំៗ និងស្របច្បាប់។ ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដោះស្រាយកង្វល់ទាំងនោះហើយ។ យើងទន្ទឹងរង់ចាំឲ្យដំណើរការនេះ បញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ យើងប្រាកដក្នុងចិត្តណាស់ថា ដំណើរការអាចកើតឡើង និងគួរតែបែបហ្នឹង ហើយយើងសង្ឃឹមថា គ្រប់យ៉ាងនឹងដូចការរំពឹងទុក»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសទួរគី បានអំពាវនាវឲ្យស៊ុយអែតកាត់ទោសអ្នកដែលទទួលខុសត្រូវ ចំពោះការបញ្ចាំងទង់របស់ក្រុមក្រៅច្បាប់ទៅលើអគារសភា ក្នុងទីក្រុង Stockholm នៅថ្ងៃបោះឆ្នោតរបស់ទួរគី ដែលបានបន្ថែមរយៈពេលនៃដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Recep Tayyip Erdogan៕