ម៉ិកស៊ិក៖ ប្រមុខការទូតរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador គ្រោងនឹងជួបពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិសហរដ្ឋអាមេរិលោកស្រី Elizabeth Sherwood-Randall ពីបញ្ហាផ្សេងៗ តែក្នុងនោះបញ្ហាចម្បងពីរ គឺជនអន្តោប្រវេសន៍ និងការវិនិយោគនៅអាមេរិកកណ្តាល។

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំម៉ិកស៊ិកនឹង «ពិនិត្យឡើងវិញ» នូវផែនការស្តីពីជនអន្តោប្រវេសន៍ទាក់ទងនឹងទិដ្ឋាការ និងការធ្លាក់ចុះនៃការមកដល់ នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក បន្ទាប់ពីការបញ្ចប់នៃគោលនយោបាយសុខភាពសហរដ្ឋអាមេរិដែលមានឈ្មោះថា មាត្រាទី៤២ (Title 42)។
លោក Ebrard បាននិយាយថា៖ «បញ្ហាផ្សេងៗ គឺការវិនិយោគនៅអាមេរិកកណ្តាល» ដោយបន្ថែមទៀតថា៖ «ប្រធានបទផ្សេងទៀតប្រហែលជានឹងលើកយកខ្លឹមសារចេញពីរឿងនោះផងដែរ»៕
