កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋកូរ៉េខាងត្បូង ១០ម៉ឺននាក់ បានចុះហត្ថលេខាលើយុទ្ធនាការប្រឆាំងនឹងផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មបន្សាបចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ពួកគេ ចូលទៅក្នុងមហាសមុទ្រ ។

យុទ្ធនាការចុះហត្ថលេខានេះ ត្រូវបានបង្កើតឡើងដោយគណបក្សប្រឆាំងប្រជាធិបតេយ្យ(DP) ឈានមុខគេរបស់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសុក្រ ។
លោក Lee Jae-Myung គឺជាប្រធានគណបក្ស DP បានបង្ហាញក្តីកង្វល់របស់លោក ដោយលោកនិយាយថា DP នឹងតវ៉ារួមគ្នាជាមួយប្រជាពលរដ្ឋកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យទឹកមហាសមុទ្រស្អាត និងដើម្បីធានាបានថា កម្មករក្នុងឧស្សាហកម្មចំណីអាហារ នឹងមិនរងផលប៉ះពាល់នោះទេ ។
គួរឲ្យដឹងថា ជប៉ុនមានគម្រោង បញ្ចេញទឹកកាកសំណល់វិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចទៅក្នុងសមុទ្រនៅនិទារដូវ ឬរដូវក្តៅខាងមុខនេះ ជាហេតុធ្វើឲ្យកើតមានការប្រឆាំង និងក្តីកង្វល់ពីសហគមន៍នេសាទក្នុងស្រុក និងប្រទេសជិត ។

ការស្ទង់មតិថ្មី រកឃើញថា ពលរដ្ឋកូរ៉េខាងត្បូង ៨នាក់នៅក្នុងចំណោម ១០នាក់ បានប្រឆាំងនឹងផែនការរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ៕