
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំទៅដល់អ្នកបន្តវេនដែលជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ពិសេសនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើការបែងចែកថវិកាជាតិប្រកបដោយសមធម៌ មិនបត្រូវប្រើប្រាស់ដោយខ្ចះខ្ជាយឡើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានផ្ដាំទៅអ្នកបន្តវេនជំនាន់ក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាជាតិ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនសេដ្ឋកិច្ចជាតិ ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ដែលការបែងចែកនេះ សម្ដេចតេជោ ចាត់ទុកជាការ «បែងចែកថវិកានៃកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌»។
សូមជម្រាបធាតាមច្បាប់ថវិកានៃប្រទេសកម្ពុជាបានកំណត់អំពីការចំណាយ និងចំណូលប៉ាន់ស្មានរបស់រដ្ឋ ដូចជាគោលនយោបាយសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជន។
តាមចង្អុលបង្ហាញពីសម្ដេចតជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទទួលខុសត្រូវលើកិច្ចការរៀបចំថវិកាទាក់ទងនឹងផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចជាផែនការអភិវឌ្ឍយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រជាដើម៕អត្ថបទ៖វ៉ន ដារ៉ា