អាមេរិក៖ សហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន បានធ្វើសមយុទ្ធដ៏គគ្លើនដែលពុំចាំបាច់ នៅជិតយន្តហោះយោធាសហរដ្ឋអាមេរិក ក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង ។
មេបញ្ជាការយោធាសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងចិន J-16 បានហោះហើរឆ្វែលពត់ពេនកាលពីសប្តាហ៍មុន ហើយនិងបង្ខំឲ្យយន្តហោះចម្បាំងអាមេរិក RC-135 ហោះគេច ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ។
គួរឲ្យដឹងថា ការហោះស្កាត់បែបនេះ បានកើតឡើងម្តងម្កាលប៉ុណ្ណោះ ជាក់ស្តែងកាលពីខែធ្នូកន្លងទៅ យន្តហោះយោធាចិន បានហោះនៅចម្ងាយតែ ៣ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិក និងបង្ខំឲ្យពួកគេហោះគេច ដើម្បីបញ្ចៀសផុតពីការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ ៕
