សហភាពអឺរ៉ុប៖ សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងបង្កើនទ្វេដងកងយន្តហោះពន្លត់ភ្លើងឆេះព្រៃសម្រាប់រដូវក្តៅឆ្នាំ ២០២៣ ស្របពេលដែលករណីភ្លើងឆេះព្រៃកើនឡើងដោយសារវិបត្តិអាកាសធាតុ ។
លោក Janez Lenarcic គឺជាស្នងការគ្រប់គ្រងវិបត្តិ និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកយើងបានមើលឃើញភ្លើងឆេះព្រៃ បានឆាបឆេះនៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល ហើយនិងសូម្បីតែនៅអឺរ៉ុបខាងជើង ។ នេះគឺជាហេតុផលដែលពួកយើងត្រូវតែបង្កើនសមត្ថភាពឆ្លើយតបរបស់ពួកយើងនៅគ្រប់យន្តការ ទាំងអស់ ដែលរួមទាំងសមត្ថភាពរបស់ពួកយើងក្នុងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃផងដែរ ។

សហភាពអឺរ៉ុប និយាយថាសម្រាប់រដូវភ្លើងឆេះព្រៃខាងមុខនេះ កងយន្តហោះបម្រុងពន្លត់ភ្លើងឆេះព្រៃ RescEU នឹងរួមបញ្ចូលយន្តហោះ ២៤គ្រឿង និងឧទ្ធម្ភាគចក្រ ៤គ្រឿង មកពីរដ្ឋសមាជិក ១០ប្រទេស ។
លោក Lenarcic បាននិយាយនៅព្រឹត្តការណ៍ប្រារព្ធខួបលើកទី ១០នៃការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបបន្ទាន់របស់សហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា ក្រុមនៅដីនឹងមានភ្នាក់ងារពន្លត់អគ្គិភ័យជិត ៤៥០នាក់ មកពីរដ្ឋជាសមាជិក ១១ប្រទេស ដែលនឹងត្រូវឈរជើងនៅក្នុងប្រទេសបារាំង ក្រិក និងព័រទុយក្រែន ។
ដោយឡែក តំបន់អឺរ៉ុបខាងត្បូង កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរអំឡុងរដូវក្តៅ ក្នុងនោះតំបន់មួយចំនួន បានជួបកង្វះខាតទឹករួចទៅហើយៗក្រុមប្រជាកសិកររំពឹងថា ពួកគេនឹងទទួលបានទិន្នផលដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ៕
