ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការចែកបណ្ណព័ត៌មានបោះឆ្នោត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងប្រព្រឹត្តទៅដោយសកម្ម ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយប្ដេជ្ញានឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ។
តាមរយៈប្រព័ន្ធសារតេឡេក្រាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានការពេញចិត្ត ចំពោះការចែកបណ្ណព័ត៌មានបោះឆ្នោត សម្រាប់អាណត្តិទី៧ ហើយពួកគេក៏បានត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។
ឯកឧត្តមបន្តថា ទោះបីរដូវនេះ ជារដូវភ្លៀងធ្លាក់ ក៏ពួកគាត់បានរងចាំ និងទទួលយកបណ្ណព័ត៌មានបោះឆ្នោត និងបានផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ដែលមិនបានទទួលបណ្ណដោយផ្ទាល់ ខណៈរហូតមកដល់ពេលនេះ ការចែកនូវបណ្ណព័ត៌មានបោះឆ្នោត គឺសម្រេចបានប្រមាណ ១០ភាគរយ និងកំពុងដំណើរការនៅទូទាំងប្រទេស ។
សម្រាប់ពលរដ្ឋមានឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ នូវឯកសារដែល គ.ជ.ប បានតម្រូវ ដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងអាណត្តិ៧ ខណៈការពិនិត្យឈ្មោះក្នុងបញ្ជី ក៏បានរកឃើញឈ្មោះរបស់ខ្លួន ក្នុងបញ្ជីផងដែរ ។
ពលរដ្ឋបានបន្តថា ការទៅបោះឆ្នោតនេះ ពួកគេមិនដែលរំលង់ឡើយពីមួយអាណត្តិទៅមួយអាណត្តិ ព្រោះនេះជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដែលការទៅបោះឆ្នោតនេះ គឺជាការសម្រេចនូវជោគវាសនាខ្លួនឯង ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈការចែកបណ្ណព័ត៌មានបោះឆ្នោត ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ៕អត្ថបទ បាន សុខរិទ្ធិ