
អ្នកជំនាញខាងនយោបាយបរទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា កូរ៉េខាងជើងនឹងរក្សា "ការតាំងចិត្ត" នៅក្នុងមហិច្ឆតារបស់ខ្លួនក្នុងការបង្ហោះផ្កាយរណបចារកម្មយោធាទៅកាន់ទីអវកាស បើទោះបីជាការបាញ់បង្ហោះរបស់ខ្លួនបរាជ័យនៅថ្ងៃពុធ (៣១ ឧសភា) នេះ ដែលក្នុងក្នុងនោះ ការបែកបាក់នៅក្នុងអង្គការសហប្រជាជាតិ ពុំមានលទ្ធភាពស្វែងរកការរួបរួមលើបញ្ហានេះបានទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានទទួលបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ ដែលជាការបោះជំហានថយក្រោយក្នុងការស្វែងរកកម្មវិធីអវកាសដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក។
ទោះបីជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងលោកខាងលិចបានថ្កោលទោសការបាញ់បង្ហោះយានអវកាសរបស់កូរ៉េខាងជើងសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិកក៏ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងតស៊ូដើម្បីដោះស្រាយបញ្ហានេះក្រោមចលនារួមគ្នាស្របពេលមានការបែកបាក់គ្នាជុំវិញសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។
សារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងស៊ើបអង្កេតមូលហេតុនៃការបរាជ័យនេះ និងមានបំណងសម្រាប់ការបាញ់បង្ហោះលើកទីពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ៕
