បាល់ទាត់៖ ក្តីសង្ឃឹមការពារតំណែងជើងឯកក្របខណ្ឌបារាំង Ligue 1 របស់ Paris Saint Germain កាន់តែស្តួចស្តើង បន្ទាប់មិនអាចរក ៣ពិន្ទុបានពីការប្រកួតនៅទឹកដី Rennes យប់មិញ។ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលទើបបន្តកិច្ចសន្យាថ្មីជាមួយ PSG ដល់ឆ្នាំ ២០២៥ នោះ បានបើកការនាំមុខអោយ PSG នៅនាទីទី៤៥+៦ ចុងវគ្គទី១ បន្ទាប់ពី VAR មើលឃើញកំហុសរបស់ខ្សែការពារ Rennes លើ Layvin Kurzawa។

យ៉ាងណាក្តីក្រុមរបស់លោក Mauricio Pochettino មិនអាចរក្សាការនាំមុខនេះបានឡើយ ខណៈ Rennes ដែលកំពុងត្រូវការពិន្ទុជាចាំបាច់ដើម្បីឱកាសនៅ Europa League រដូវកាលក្រោយនោះក៏តាមស្មើវិញបានសំរេចនៅនាទីទី៧៧ ដោយ Serhou Guirassy មុនពេលដែល Presnel Kimbempe ទទួលបានកាតក្រហមចុងម៉ោង។ លទ្ធផលស្មើនេះធ្វើអោយបន្តឈរលេខ២ តែដេញពីក្រោយក្រុមកំពូលតារាង Lille ៣ពិន្ទុខណៈនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។ ពីរប្រកួតចុងក្រោយរបស់ PSG គឺទទួល Reims និងទៅទឹកដី Brest ខណៈ Lille ទទួល Saint Etienne និងទៅទឹកដី Angers៕
អត្ថបទ៖នាង សុភាវុធ