
កាលពីថ្ងៃអង្គារ (៣០ ឧសភា) ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានស្នើឱ្យអ៊ុយក្រែន និងរុស្ស៊ីគោរពគោលការណ៍ទាំង៥ចំណុចដើម្បីការពាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដោយលើកឡើងថា លោកពុំទទួលបានការព្រមព្រៀងពីភាគីទាំងពីរក្នុងការការពាររោងចក្រនុយក្លេអ៊ែរនោះទេ។
លោក Grossi ដែលបាននិយាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្យាយាមអស់ជាច្រើនខែដើម្បីបង្កើតកិច្ចព្រមព្រៀងមួយក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរពីសកម្មភាពយោធា ដូចជាការបាញ់ផ្លោងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ហើយត្រូវបានកាន់កាប់ដោយរុស្ស៊ីអស់រយៈពេលជាងមួយឆ្នាំមកនេះ។
លោក Vassily Nebenzia តំណាងរបស់ប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលរបស់លោកមានការព្រួយបារម្ភដូចគ្នានឹងលើកឡើងរបស់លោក Grossi ហើយបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបាញ់គ្រាប់ផ្លោងដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់រោងចក្រ។
រោងចក្រនុយក្លេអ៊ែរដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែនកាន់កាប់ដោយរុស្សី ស្ថិតនៅជិតខ្សែបន្ទាត់ជួរមុខតាមដងទន្លេ Dnipro គឺជាស្ថានីយថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហើយតំបន់នេះត្រូវបានវាយប្រហារជាបន្តបន្ទាប់ដោយការបាញ់គ្រាប់ផ្លោង។
ក្រុមហ៊ុន Energoatom របស់រដ្ឋអ៊ុយក្រែនបាននិយាយថា ការដាច់ចរន្តអគ្គិសនីកាលថ្ងៃទី ២២ ខែឧសភា គឺជាលើកទី ៧ នៃការកាត់ផ្តាច់ថាមពលដល់រោងចក្រ ចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែន កាលខែកុម្ភៈ ឆ្នាំ២០២២មក៕
