
ក្រុមអវកាសយានិកឯកជនទាំងអស់ ដែលមានជនជាតិអាមេរិកពីរនាក់ និងជនជាតិអារ៉ាប៊ីសាអ៊ូឌីតពីរនាក់ រួមទាំងស្ត្រីជនជាតិអារ៉ាប់ដំបូងគេ ដែលត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថី បានចុះចតដោយសុវត្ថិភាព នៅឯរដ្ឋហ្វ្លរីដា (Florida) កាលពីយប់ថ្ងៃអង្គារ ដោយបានបញ្ចប់បេសកកម្មស្រាវជ្រាវរយៈពេលប្រាំបីថ្ងៃ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
យានអវកាសរបស់ SpaceX Crew Dragon ដែលដឹកអវកាសយានិកទាំងនោះ បានរលាស់ឆ័ត្រយោងចូលក្នុងឈូងសមុទ្រម៉ិកស៊ិក ម្ដុំឆ្នេរនៃទីក្រុងប៉ាណាម៉ា (Panama) រដ្ឋផ្លរីដា (Florida) បន្ទាប់ពីការហោះហើរត្រឡប់មកវិញរយៈពេល ១២ម៉ោង ហើយតម្រង់មកកាន់បរិកាសផែនដីវិញ។
ដំណើរវិលត្រឡប់ចុះមករបស់យានអវកាសនេះ ត្រូវបានធ្វើឡើងដោយមានការផ្សាយផ្ទាល់តាមគេហទំព័ររួម ដែលបង្ហាញដោយក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុន ដែលគាំទ្របេសកកម្មនេះ គឺ Axiom Space។
នេះជាការបញ្ចប់បេសកកម្មស្ថានីយអវកាសទីពីរ ដែលរៀបចំ បំពាក់ និងបណ្តុះបណ្តាលទាំងស្រុងពីការចំណាយឯកជនរបស់ក្រុមហ៊ុន Axiom ដែលជាក្រុមហ៊ុនបណ្តាក់ទុនមានអាយុកាល ៧ឆ្នាំ នៅទីក្រុង Houston រដ្ឋតិចសាស់ ដឹកនាំដោយអតីតអ្នកគ្រប់គ្រងកម្មវិធីរបស់ស្ថានីយអវកាសអន្តរជាតិ ISS របស់ទីភ្នាក់អវកាស NASA៕
