
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធ (៣១ ឧសភា)នេះថា ប្រទេសនេះបានចាត់វិធានការសមស្របជាការឆ្លើយតបទៅនឹងការប្រព្រឹត្តរបស់ឥណ្ឌាចំពោះអ្នកកាសែតជនជាតិចិន បន្ទាប់ពីមានរបាយការណ៍ថាទីក្រុងប៉េកាំងបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានឥណ្ឌា។
កាលពីថ្ងៃអង្គារ (៣០ ឧសភា) សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសចិន និងឥណ្ឌាបានបណ្តេញអ្នកកាសែតស្ទើរតែទាំងអស់របស់ភាគីទាំងពីរទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយធ្វើឱ្យមានភាពប្រេះឆាកាន់តែជ្រាលជ្រៅថែមទៀត។
លោកស្រី ម៉ៅ បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងថា "ការប្រឈមមុខនឹងការគាបសង្កត់មិនសមហេតុផលរយៈពេលវែងរបស់ឥណ្ឌា ធ្វើឲ្យចិនគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការសមស្រប ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រព័ន្ធផ្សព្វផ្សាយចិន"។
ប្រទេសចិន និងឥណ្ឌា គឺជាអ្នកជិតខាងដែលមិនសូវចុះសម្រុងអស់ជាច្រើនទសវត្សរ៍មកហើយ បន្ទាប់ពីជម្លោះរបស់ពួកគេទាក់ទងនឹងបញ្ហាបន្ទាត់ព្រំដែនភ្នំហិម៉ាឡៃកាលដើមទសវត្សរ៍ឆ្នាំ ១៩៦០មក។ ទំនាក់ទំនងរបស់ប្រទេសទាំងពីរនេះកាន់តែយ៉ាប់យ៉ឺននៅពាក់កណ្តាលឆ្នាំ ២០២០ នៅពេលដែលកងទ័ពរបស់ពួកគេបានប៉ះទង្គិចគ្នានៅតាមព្រំដែន ហើយមនុស្ស ២៤ នាក់ បានសម្លាប់៕