
ក្រុមបាតុករជនជាតិស៊ែរប៊ីរស់នៅប្រទេសកូសូវ៉ូរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅមុខអគារសាលាក្រុង Zvecan នៅថ្ងៃពុធ (៣១ ឧសភា)នេះ ដើម្បីទាមទារឱ្យដកអភិបាលក្រុងជាប់ឆ្នោតជនជាតិអាល់បានីចេញពីតំណែង។
ក្រុមបាតុករបានលើកទង់ជាតិស៊ែប៊ីដ៏ធំ ហើយសង្កត់ធ្ងន់លើចេតនារបស់ពួកគេ ដើម្បីរក្សាការជួបជុំដោយសន្តិវិធី។ ទីក្រុងកូសូវ៉ូភាគខាងជើង គឺជាទីដែលមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃចន្ទ (២៩ ឧសភា) ដែលបណ្តាលឱ្យរងរបួសដល់កងកម្លាំងរបស់អង្គការណាតូ និងក្រុមអ្នកតវ៉ាជាច្រើននាក់។
កាលពីថ្ងៃចន្ទ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករជនជាតិស៊ែរប៊ី និងកងកម្លាំងកូសូវ៉ូ KFOR ដែលការពារសាលាក្រុងចំនួន ៣ បានបណ្ដាលឲ្យទាហាន៣០នាក់ និងបាតុករស៊ែរប៊ី៥២នាក់ រងរបួស។ អង្គការណាតូបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ជូនទាហាន ៧០០នាក់ បន្ថែមទៀតទៅកាន់កូសូវ៉ូ និងដាក់កងវរសេនាតូចមួយកង ដើម្បីត្រៀមប្រតិបត្តិការបន្ទាន់។
ជនជាតិស៊ែរប៊ីភាគច្រើនដែលរស់នៅភាគខាងជើងកូសូវ៉ូ មិនដែលទទួលយកការប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ីកាលឆ្នាំ ២០០៨ របស់កូសូវ៉ូទេ ហើយចាត់ទុកទីក្រុងបែលក្រាដជារដ្ឋធានីរបស់ពួកគេ សូម្បីតែជាងពីរទសវត្សរ៍បន្ទាប់ពីការបះបោររបស់ជនជាតិកូសូវ៉ូ-អាល់បានីប្រឆាំងនឹងការគ្រប់គ្រងបែបគាបសង្កត់របស់ស៊ែរប៊ីក៏ដោយ៕
