
រតនគិរី៖ ខេត្តរតនគិរី ប្រកាសថា បានរកឃើញជនជាតិខ្មែរ ០២នាក់ ឆ្លងជំងឺកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយនេះជាករណីដំបូងបង្អស់នៅក្នុងខេត្តនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តរតនគិរី បញ្ជាក់ថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ០២នាក់ ជាជនជាតិខ្មែរនៅត្រង់ចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរីនឹងខេត្តស្ទឹងត្រែង។
តាមសេចក្ដីប្រកាសដដែលនេះ អ្នកជំងឺម្នាក់ជាអ្នករស់នៅស្រុកសំរោង ខេត្តតាកែវ ដែលមានមុខរបរដឹកជញ្ជូនទំនិញ និងម្នាក់ទៀតរស់នៅស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាកម្មករលើកឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ស្រូវ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ១៩ ៧៤៣នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕