ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នឹងដាក់ឱ្យជួញដូរមូលបត្របំណុលរដ្ឋ នៅលើការជួញដូរប្រចាំថ្ងៃរបស់ខ្លួនចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣នេះតទៅ បន្ថែមជម្រើសកាន់តែច្រើនសម្រាប់វិនិយោគិនក្នុងការវិនិយោគលើកបណ្ណបំណុលរដ្ឋ ក្រៅពីការជួញដូរតាមរយៈធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនានេះថា ផ្សារមូលបត្រកម្ពុជា បច្ចុបប្បន្ន កំពុងរៀបចំប្រព័ន្ធបន្ថែមដើម្បីឱ្យការជួញដូរលើមូលបត្ររដ្ឋ កាន់តែងាយស្រួល កាន់តែចំណាយតិច កាន់តែមានប្រសិទ្ធិភាព ដែលនឹងធ្វើឱ្យការវិនិយោគលើកមូលបត្ររបស់រដ្ឋ កាន់តែមានភាពទាក់ទាញ។
ឯកឧត្តម ហុង សុហួរ ថ្លែងថា៖ “មុខងារថ្មីនេះ ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងអាចចាប់ផ្តើមអនុវត្តបាន នៅត្រីមាសទី៣ខាងមុខ”។
បច្ចុប្បន្ន ការជួញដូរមូលបត្ររដ្ឋ គឺធ្វើឡើងតាមរយៈធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា National Bank of Cambodia Auction Platform។ វិនិយោគជាស្ថាប័នប៉ុណ្ណោះ ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ជាអ្នកមានសិទ្ធិលើការិវនិយោគលើមូលបត្ររដ្ឋ។
បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈ ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រជាមធ្យមប្រចាំថ្ងៃ វរង្វង់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បានថយចុះពី៥០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២២ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នមានក្រុមហ៊ុនសរុបចំនួន ១៨ លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួនបានចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុនបានប្រមូលប្រាក់សរុបចំនួន ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ៕ អត្ថបទ៖ វណ្ណៈ