ភ្នំពេញ៖ កីឡាករអត្តពលិកជនពិការជម្រើសជាតិកម្ពុជា ជឹម ផាន បានសម្ដែងសេចក្ដីរីករាយ និងត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នាចុងសប្ដាហ៍នេះ ។ លោកបានប្ដេជ្ញានឹងខំប្រឹងដណ្ដើមមេដាយឲ្យបាន មុនចូលនិវត្តន៍ពីអាជីព ត្រឹមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។
កីឡាករវ័យ ៥៥ឆ្នាំរូបនេះ បានបញ្ជាក់ថា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលលោកបានប្រឡូកវិស័យកីឡាជនពិការ ហើយរាល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លោកតែងទទួលបានមេដាយជូនជាតិ លើកលែងការប្រកួតចុងក្រោយ នៅប្រទេសឥណ្ឌូនេស៊ី ដែលលោកពុំទទួលបានមេដាយសោះ ។ យ៉ាងណាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឲ្យលោកខំប្រឹងហ្វឹកហាត់ និងមានទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចុងសប្ដាហ៍នេះ ។

បុរសពិការជើងស្ដាំរូបនេះ បន្ថែមថា ដោយសារវ័យកាន់តែច្រើន គ្រាដែលការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជាផង លោកប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមមេដាយឲ្យខានតែបាន មុនលោកសម្រេចចិត្តចូលនិវត្តន៍ពីអាជីព ។
គួរដឹងថា មុនចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខ លោក ជឹម ផាន ធ្លាប់ជាអតីតកីឡាករបាល់ទះឈរជនពិការ ក្នុងឆ្នាំ១៩៩៧ ធ្លាប់ចូលរួមប្រកួតកម្រិតអន្តរជាតិជាច្រើន និងធ្លាប់ជួយកម្ពុជាឈ្នះមេដាយមាសកម្រិតអាស៊ី កាលពីឆ្នាំ២០០២ នៅសាធារណរដ្ឋកូរ៉េ និងការប្រកួតអន្ដរជាតិធំៗជាច្រើនទៀត ។ បន្ទាប់មកលោកក៏ប្តូរមកហ្វឹកហាត់កីឡាអត្តពលកម្ម ហើយបានទទួលលទ្ធផលល្អប្រសើរ នៅក្នុងការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាននេះផងដែរ ៕ អត្ថបទោះ លី ឈុនឡា