ភ្នំពេញ ៖ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វាទាំងអស់ ដែលកំពុងជួបវិបត្តិកូវីដ១៩ ឱ្យអត់ធ្មត់ខ្ពស់ និងត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ពេល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។
ក្នុងឱកាសនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ចំនួន៥០០គ្រួសារ កាលពីម្សិលមិញ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩នោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់ជូននៅគ្រឿងឧបភោគបរិភោគជូនដល់ពលរដ្ឋ សម្រាប់ដោះស្រាយជាបណ្តោះអាសន្ន។
យ៉ាងណាក៏ដោយ ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរ ឱ្យបន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន។ ប៉ុន្តែសម្រាប់តំបន់ ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ១៩ លែងមាននោះទេ។ ដូច្នេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារជំងឺកូវីដ-១៩គឺ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់អាជ្ញាធរ។
អំណោយ ដែលសម្ដេច សាយ ឈុំ ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វា រួមមាន៖ អង្ករចំនួន១០តោន ទឹកសុទ្ធ៥០០កេស និងឃីតចំនួន៥០០ ដែលក្នុងឃីតនោះ មានគ្រឿងឧបភោគបរិភោគ និងរបស់របរប្រើប្រាស់ផង៕
អត្ថបទ៖ បាន ចក់