ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជ.ប ) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ។
នៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃដំណើរការ នៃការបើកវគ្គបណ្តុះបណ្តាល ពិធីនៅព្រឹកនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តមនាយកខុទ្ទកាល័យឯកឧត្តមប្រធាន និងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្ហាត់ គ.ជ.ប រួមទាំងលោកលោកស្រីដែលជាមន្ត្រី គ.ជ.ប ជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមកហើយ ហើយក៏បានរៀបចំវគ្គបណ្តុះបណ្តាល ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតរួចមកហើយ ទាំងនៅថ្នាក់ជាតិ នៅតាមរាជធានីខេត្ត និងនៅតាមបណ្ដូលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ រួចហើយដែរ ។
ឯកឧត្តម បន្តថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវទាមទារឱ្យមន្ដ្រី បោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធី និង លក្ខខណ្ឌនានាបម្រើឱ្យការបោះឆ្នោត ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ទាំង២៥រូប ដែលកំពុងមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ ការបណ្តុះបណ្តាលមានរយៈពេល០៥ថ្ងៃ ដែលមានប្រធានបទចំនួន ២៦ រួមជាមួយនឹងការសម្តែងតួ ដើម្បីធ្វើឱ្យសិក្ខាកាមមានចំណេះដឹងកាន់តែមានភាពជាក់លាក់ច្បាស់លាស់បន្ថែមទៀត។
ឯកឧត្តម បានមានប្រសាសន៍បន្ថែម សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងកត់ត្រា ហើយរាល់ចម្ងល់ សូមតាំងជាសំណួរមកកាន់គ្រូឧទ្ទេស ដើម្បីធ្វើការបកស្រាយឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត និងជៀសវាងអវត្តមានបើមិនមានការចាំបាច់នោះ ។ ជាពិសេសសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ទាំង២៥ រូប ត្រូវខិតខំសិក្សាឈ្វេងយល់ដោយខ្លួនឯងបន្ថែមទៀត តាមរយៈនៃការអានច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងបទបញ្ញត្តិផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ អត្ថបទ ៖ លីហេង







