ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល និងក្រុមយុវជននៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួមសកម្មភាព ឬយុទ្ធនាការខុសច្បាប់ណាមួយឱ្យសោះជាមួយក្រុមប្រឆាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលពួកគេកំពុងរៀបចំគម្រោងអាក្រក់ផ្សេងៗលាបពណ៌រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ដូចប្រជាពលរដ្ឋ និងសាធារណៈជនបានជ្រាបរួចហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញនូវសារសំឡេងរបស់ក្រុកមក្បត់ជាតិនៅក្រៅប្រទេសដែលមានចេតនាអាក្រក់ និងកំពុងធ្វើយុទ្ធនាការវាយសំដៅមកសម្ដេច និងស្ថាប័ន គ.ជ.ប ដែលនេះជាល្បិចបំបែកបំបាក់របស់ពួកគេ។
តាមរយៈសារដែលសម្ដេចតេជោ បានបង្ហាញនេះ សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងនិស្សិតបញ្ញវន្តខ្មែរបានបង្ហាញការព្រួយបារម្ភ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រឆាំង កុំចូលរួម យុទ្ធនាការ ឬបាតុកម្មណាមួយដែលធ្វើឡើងដោយគណបក្សប្រឆាំង ខណៈទង្វើនេះមិនបានផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិផ្ទុយទៅវិញ បានធ្វើឱ្យប៉ះពាល់ដល់ច្បាប់ប្រទេសជាតិ ហើយផ្ដល់ប្រយោជន៍ដល់គំនិតនយោបាយអាក្រក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសទៅវិញ។
លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ជាទូទៅជាទម្លាប់របស់អ្នកនយោបាយជ្រុលនិយមក្រុមប្រឆាំងមួយចំនួនជាពិសេសក្រុមប្រឆាំងនៅក្រៅស្រុក គឺតែងតែមិនទទួលស្គាល់កំហុសដែលពួកគេបានប្រព្រឹត្តទេ ផ្ទុយទៅវិញពួកគេយកលេសរឿងទាំងនោះដើម្បីមកធ្វើបាតុកម្ម និងវាយប្រហាររាជរដ្ឋាភិបាល។
លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល បានលើកឡើងថា ល្បិចបំបែកបំបាក់របស់ក្រុមប្រឆាំងមិនអាចមានប្រសិទ្ធភាពបានទេ ផ្ទុយទៅវិញមានតែបែកបាក់លើបក្សខ្លួនទៅវិញ។ លោកមើលឃើញថា នយោបាយខ្មៅកខ្វក់ជ្រុលនិយមដដែលៗ ត្រូវបានប្រជាពលរដ្ឋបានដឹងអស់ទៅហើយ។
សូមជម្រាបថា ក្រោយពី គ.ជ.ប បានអនុវត្តតាមនីតិវិធីច្បាប់បោះឆ្នោត បដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីឈរឈ្នោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក្រុមប្រឆាំងបានយកលេសនេះ វាយសំដៅមករាជរដ្ឋាភិបាល និងស្ថាប័ន គ.ជ.ប តាមរយៈការគ្រោងរៀបចំធ្វើបាតុកម្ម ធ្វើយុទ្ធនាការតាមហ្វេសប៊ុក ជាល្បិចបំបែកបំបាក់របស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា