សេចក្ដីស្នើច្បាប់ ដើម្បីពន្យារការដំឡើងអតិបរមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុលដ៏មហន្តរាយ បានជម្រះឧបសគ្គនៃនីតិវិធីដ៏សំខាន់ នៅសភាតំណាងរាស្ត្រ កាលពីថ្ងៃពុធ ដោយកំណត់ដំណាក់កាល សម្រាប់ការបោះឆ្នោតលើកិច្ចព្រមព្រៀងបំណុលរបស់បក្សទាំងពីរ។

គណបក្សសាធារណរដ្ឋគ្រប់គ្រងសភា ដោយសំឡេងភាគច្រើនស្តួចស្តើង ២២២ ទល់នឹង២១៣ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងត្រូវការការគាំទ្រពីប្រធានសភាលោក ខេវីន ម៉ាកខាធី (Kevin McCarthy) និងគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីលោក ចូបៃដិន Joe Biden ដើម្បីទទួលបានការអនុម័ត ខណៈដែលសមាជិកនៃគណបក្សទាំងពីរជំទាស់នឹងផ្នែកសំខាន់ៗនៃច្បាប់នេះ។
ការបោះឆ្នោតតាមនីតិវិធី ដែលអនុញ្ញាតឲ្យចាប់ផ្តើមជជែកដេញដោលគ្នា ហើយបន្ទាប់មកបោះឆ្នោតលើសេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេងឆ្នោត ២៤១ ទល់នឹង១៨៧ ដោយសមាជិករបស់គណបក្សប្រជាធិបតេយ្យចំនួន ៥២រូប ត្រូវការយកឈ្នះលើក្រុមប្រឆាំងនៃគណបក្សសាធារណរដ្ឋចំនួន ២៩រូប ហើយលោក ម៉ាកខាធី (McCarthy) បានប៉ាន់ស្មានថា ការបោះឆ្នោតបន្ទាប់ ដែលរំពឹងកើតមានប្រហែលម៉ោង ៨:៣០យប់ (ត្រូវនឹងម៉ោង ០០:៣០ ម៉ោងសកល) នឹងទទួលបានការអនុម័តជាមិនខាន ដោយបានប្រាប់អ្នកសារព័ត៌មានថា៖ «វានឹងក្លាយទៅជាច្បាប់»។

ច្បាប់នេះនឹងពន្យារការដំឡើងកម្រិតអតិបរិមាបំណុលរបស់សហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលមានន័យថា វានឹងមិនមានការកំណត់ការដំឡើងអតិបរមាបំណុល រហូតដល់កាលបរិច្ឆេទនោះ ដោយអនុញ្ញាតឲ្យលោកបៃដិន (Biden) និងសមាជិកសភា ទុកចោលដោយឡែកនូវបញ្ហាប្រឈមខាងនយោបាយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកា ឆ្នាំ២០២៤៕