ភ្នំពេញ ៖ គិតមកត្រឹមពេលនេះ ទោះបីមានការបើកឱ្យធ្វើដំណើរឆ្លងរាជធានី-ខេត្តយ៉ាងណាក្ដី ក៏ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនមិនទាន់បើកដំណើរការទទួលដឹកភ្ញៀវនោះទេ រីឯក្រុមហ៊ុនដឹកអ្នកដំណើរផ្សេងទៀតបានចាប់ផ្ដើមដំណើរការជាថ្មី តែមានការប្រុងប្រយ័ត្នដោយដាក់ចេញវិធានការការពារផ្សេង។បន្ទាប់ពីមានការបើកការធ្វើដំណើរឆ្លងរាជធានីខេត្ត ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន បានចាប់ផ្ដើមទទួលដឹកភ្ញៀវជាថ្មី រីឯក្រុមហ៊ុនដឹកអ្នកដំណើរផ្សេងទៀតបន្តផ្អាក ដោយទទួលដឹកតែឥវ៉ាន់តែប៉ុណ្ណោះ។ ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា តាមការឱ្យដឹងពីលោក មឿន សម្បត្តិ ជាអ្នកចាត់ការទូទៅ បានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្ដើមទទួលដឹកភ្ញៀវជាថ្មីកាលពីថ្ងៃទី៦ ខែឧសភា តែពុំទាន់ដំណើរការការងារពេញលេញនោះទេ ដោយក្រុមហ៊ុនដំណើរការតែគោលដៅ ភ្នំពេញ-សៀមរាប ប៉ុណ្ណោះ រីឯគោលដៅភ្នំពេញ-ព្រះសីហនុ គឺបន្តផ្អាក។
លោក បន្តថា ចំពោះការដំណើរការជាថ្មីនេះ គឺក្រុមហ៊ុននៅតែបន្តអនុវត្តវិធានការការពារ ដើម្បីសុវត្ថិភាព។ វិធានការដែលក្រុមហ៊ុនដាក់ចេញ គឺការអនុវត្តវិធានការអនាម័យ ការបាញ់សម្លាប់មេរោគលើរថយន្ត កន្លែងរង់ចាំ ការវាស់កម្ដៅ ការតម្រូវឱ្យពាក់ម៉ាសការពារ និងការកាត់បន្ថយចំនួនអ្នកដំណើរពី ១៥នាក់ មកត្រឹម៩នាក់ក្នុងមួយរថយន្ត។ លើសពីនេះ ក្រុមហ៊ុនក៏មានការសហការជាមួយអាជ្ញាធរខេត្ត សៀមរាប ដោយក្រុមហ៊ុនបានស្រង់ទិន្នន័យភ្ញៀវទាំងអស់ ទាំងគោលដៅ លេខអត្តសញ្ញាណប័ណ្ណ និងលេខ passport ដើម្បីប្រគល់អាជ្ញាធរជាប្រចាំ។
ក្នុងខណៈពេលដដែលនេះ ក្រុមហ៊ុនដឹកអ្នកដំណើរផ្សេងទៀត មិនទាន់ទទួលដឹកភ្ញៀវនោះទេ។ លោក ភូ កុកវ៉ាន់ ជាជំនួយការអគ្គនាយក នៃក្រុមហ៊ុនទេសចរណ៍ និង ដឹកអ្នកដំណើរកាពីតូល លើកឡើងថា មកទល់ពេលនេះ ក្រុមហ៊ុនទទួលតែការដឹកជញ្ជូនឥវ៉ាន់តែប៉ុណ្ណោះ។ លោក បន្តថា ចំពោះសេវាកម្មដឹកអ្នកដំណើរ គឺបន្តផ្អាកដោយពុំទាន់មានការកំណត់ពេលវេលាដំណើរការវិញនោះទេ ដោយក្រុមហ៊ុនបន្តរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ជាក់ស្ដែង រឺក៏បន្តរង់ចាំរហូតដល់ការបិទបញ្ចប់ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំពោះក្រុមអ្នកបើកបរឡានឈ្នួលនៅជុំវិញផ្សារធំថ្មីវិញ ក៏បានចាប់ផ្ដើមដំណើរការរត់ឈ្នួលជាថ្មីផងដែរ ដោយព្រឹកនេះ មានរថយន្តឈ្នួលជាច្រើន បន្តចតរង់ចាំនៅទីតាំងចំណតរថយន្តឈ្នួល។ តាមការសាកសួរ ពួកគាត់ បញ្ជាក់ថា ខណៈពេលនេះគឺពុំមានអ្នកដំណើរជិះនោះទេ ភាគច្រើនគឺមានតែការដឹកឥវ៉ាន់ ពីខេត្តមកភ្នំពេញ និងការដឹកឥវ៉ាន់ពីភ្នំពេញ ទៅខេត្តវិញប៉ុណ្ណោះ។ ពួកគាត់ថាមនុស្សភាគច្រើនមានការបារម្ភ បើពួកគាត់ចង់ចេញទៅតាមខេត្ត ក៏ប្រើប្រាស់រថយន្តជាលក្ខណៈគ្រួសារផ្ទាល់ខ្លួន មិនធ្វើដំណើរតាមឡានឈ្នួលនោះទេ៕
អត្ថបទ៖គឹមហុក



