រដ្ឋាភិបាលទាំង២បាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូង ក្រោមក្របខ័ណ្ឌការពិភាក្សាស្ដីពីពាណិជ្ជកម្មថ្មីមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយពង្រឹងទំនាក់ទំនងរវាងតៃវ៉ាន់ និងអាមេរិក ស្របពេលមានភាពតានតឹងខ្លាំងជាមួយចិន ជុំវិញកោះគ្រប់គ្រងតាមរបបលទ្ធិប្រជាធិបតេយ្យមួយនេះ ។

កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមពិភាក្សាក្រោមអ្វីដែលគេហៅថា គំនិតផ្ដួចផ្ដើមពាណិជ្ជកម្មអាមេរិក-តៃវ៉ាន់ សតវ្សរ៍ទី២១ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដកតៃវ៉ាន់ចេញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មប្លុកអាស៊ី ដែលជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ -ប៉ាស៊ីហ្វិករបស់ខ្លួន។
ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា កិច្ចព្រមព្រៀងដំបូង ក្រោមក្របខណ្ឌនេះ នឹងត្រូវចុះហត្ថលេខាក្នុងទីក្រុងវ៉ាស៊ីនតោន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅសហរដ្ឋអាមេរិក ប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតផ្សេងទៀតទេ។
ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បាននិយាយថា តំណាងរងខាង ពាណិជ្ជកម្មរបស់លសហរដ្ឋអាមេរិក លោកស្រី សារ៉ា ប៊ីយ៉ានជី (Sarah Bianchi) នឹងចូលរួមព្រឹត្តិការណ៍នេះ ប៉ុន្តែ ក៏ពុំបានបញ្ជាក់ព័ត៌មានលម្អិតដូចគ្នាដែរ។
កាលពីខែមុន ភាគីទាំង២បានឈានដល់កិច្ចព្រមព្រៀងលើផ្នែកទី១ នៃគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្លួន ដែលក្តោបលើបែបបទគយនិងព្រំដែន ការអនុវត្តន៍និយតកម្ម និងអាជីវកម្មខ្នាតតូច៕
