អាជ្ញាធរបាននិយាយថា ការបាញ់ប្រហារនៅខាងក្រៅលំនៅឋានមួយ កាលពីយប់ថ្ងៃអង្គារ នៅភាគខាងកើតរដ្ឋផេនស៊ីលវ៉េនី (Pennsylvania) សហរដ្ឋអាមេរិក បានសម្លាប់មនុស្សបីនាក់ ក្នុងនោះរួមមានកុមារពីរនាក់ ហើយម្នាក់ផ្សេងទៀតរងរបួស។

លោក Bret Fisher នាយគនរបាលក្រុងលេបាណន់ (Lebanon City) បានប្រាប់ថា៖ «នៅដំណាក់កាលដំបូងនៃការស៊ើបអង្កេតនេះ វាហាក់ដូចជាជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះទាំងនោះ គឺជាគោលដៅនៃការបាញ់ប្រហារនេះ ហើយជនរងគ្រោះបីនាក់ផ្សេងទៀត មិនមានការពាក់ព័ន្ធទេ»។
អភិបាលក្រុង លោកស្រី Sherry Capello បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ ក្មេងប្រុសអាយុ៩ឆ្នាំ និងយុវជនវ័យ ១៩ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅខាងក្រៅគេហដ្ឋាន នៅទីក្រុងលេបាណន់ (Lebanon City) រដ្ឋផេនស៊ីលវ៉េនី (Pennsylvania)។

ដោយឡែកបុរសវ័យ ៣៣ឆ្នាំម្នាក់ បានទទួលការវះកាត់ បន្ទាប់ពីរងការបាញ់ប្រហារនោះ។ មិនមានជនរងគ្រោះណាម្នាក់ ត្រូវបានផ្ដល់អត្តសញ្ញាណជាសាធារណៈនោះឡើយ។
មន្ត្រីបាននិយាយថា ក្រុមមន្ត្រីបានចុះដល់កន្លែងកើតហេតុភ្លាមៗ ក្រោយម៉ោង ១០យប់។ ជនរងគ្រោះម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកឯ ២នាក់ទៀតបាត់បង់ជីវិត នៅមន្ទីរពេទ្យមូលដ្ឋាន៕