ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ បានចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលព្រៃឈើឱ្យយកចិត្តទុកដាក់ និង សហការគ្នាល្អ រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ាន នៅខែមិថុនាខាងមុខនេះ នៅខេត្តសៀមរាប ឱ្យបានល្អបំផុតក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយត្រូវតម្កល់ផលប្រយោជន៍ ជាតិជាធំ ផ្តល់អត្ថប្រយោជន៍ជូនប្រជាជាតិ និងមានវិធីសាស្ត្រក្នុងការអនុវត្តការងារព្រៃឈើប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ ស្របតាមយន្តការអាស៊ាន៕




