អាមេរិក៖ ដើម្បីបញ្ចៀសវិបត្តិខកខានសងបំណុល សភាអាមេរិក បានអនុម័តការបង្កើនកម្រិតបំណុលនិងកញ្ចប់កាត់បន្ថយថវិកា កាលពីយប់ថ្ងៃពុធ ស្របពេលដែលលោកប្រធានាធិបតី Joe Biden និងប្រធានសភាលោក Kevin McCarthy បានកោះប្រជុំក្រុមចម្រុះទាំង២បក្ស គឺក្រុមប្រជាធិបតេយ្យនិយមកណ្តាល និងសាធារណរដ្ឋដែលប្រឆាំងនឹងលទ្ធផលពុំចង់បានបែបអភិរក្សនិយម និងការជំទាស់នឹងដំណើរសេរីនិយម ។

កិច្ចព្រមព្រៀងរកបានដោយលំបាកដែលធ្វើឲ្យសមាជិកសភាមួយចំនួនតូចប៉ុណ្ណោះមានការពេញចិត្ត ប៉ុន្តែក្រុមតំណាងរាស្រ្តវាយតម្លៃថា វាល្អជាងជម្រើសផ្សេងទៀតនោះ គឺជាភាពចលាចលផ្នែកសេដ្ឋកិច្ចដ៏មហន្តរាយ បើសិនជាសភាពុំអាចអនុម័ត ។
ភាពតានតឹងបានកើនឡើងពេញមួយថ្ងៃ ស្របពេលដែលក្រុមសាធារណរដ្ឋស្តាំនិយមជ្រុល បដិសេធន៍ពុំទទួលយកកិច្ចព្រមព្រៀង ខណៈដែលក្រុមប្រជាធិបតេយ្យ និយាយថា ទស្សនៈរបស់ក្រុមសាធារណរដ្ឋនិយមជ្រុល កំពុងធ្វើឲ្យខកខានការសងបំណុល យូរបំផុតនៅសប្តាហ៍ក្រោយនេះ ។
ដោយការបោះឆ្នោតនៅសភាទទួលបានសំឡេងគាំទ្រ ៣១៤ ទល់នឹង ១១៧ សេចក្តីស្នើច្បាប់នេះ នឹងបញ្ជូនបន្តទៅព្រឹទ្ធសភា ក្នុងនោះការអនុម័ត ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដំណាច់សប្តាហ៍នេះ ។

លោក McCarthy បាននិយាយយ៉ាងទទួចថា គណបក្សរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អាមេរិក ស្របពេលដែលរូបលោកថ្លែងសុន្ទរកថាពេលល្ងាច លើកសរសើរពីការកាត់បន្ថយថវិការនៅក្នុងសេចក្តីស្នើច្បាប់នេះ ដោយលោកបញ្ជាក់ថា វាជាតម្រូវការចំាបាច់ដើម្បីទប់ស្កាត់ការចំណាយដែលចេះតែកើនឡើង ឬឥតប្រយោជន៍របស់ទីក្រុងវ៉ាស៊ីងតោន ។
ប៉ុន្តែស្របពេលដែលមានមិនពេញចិត្តពីក្រុមសាធារណរដ្ឋដែលនិយាយថា ការរឹតត្បិតការចំណាយ នៅពុំទាន់គ្រប់គ្រាន់នោះ លោក McCarthyនិយាយថា វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។
នៅមុននេះ លោក Biden បានបង្ហាញសុទិដ្ឋិនិយមរបស់លោកថា កិច្ចព្រមព្រៀងដែលរូបលោក បានចរចាជាមួយលោក McCarthyដើម្បីបង្កើនការកំណត់កម្ចីជាតិ នឹងឆ្លងសភា និងបញ្ចៀសការខកខានសងបំណុលដែលនាំនូវមហន្តរាយខាងសេដ្ឋកិច្ចនោះ ៕