ស្រ្តីជនជាតិអាមេរិកម្នាក់ ដែលបានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bidenថាបានបំពានផ្លូវភេទលើរូបគាត់នោះ បានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីស្វែងរកសញ្ជាតិរុស្ស៊ី ។

ថ្លែងប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី អ្នកស្រី Tara Reade វ័យ៥៩ឆ្នាំ និយាយថា អ្នកស្រីមានអារម្មណ៍ថា មានសុវត្ថិភាពនៅក្នុងប្រទេសមួយនេះ ហើយនិងចង់រស់នៅក្នុងប្រទេសមួយនេះ ។
អ្នកស្រី Reade បានចោទប្រកាន់ថា លោក Bidenបានបំពានផ្លូវភេទលើរូបគាត់ ពេលដែលគាត់ធ្វើការនៅការិយាល័យសភារបស់លោក អំឡុងឆ្នាំ ១៩៩៣ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បានច្រានចោលទាំងស្រុងការចោទប្រកាន់របស់ស្រ្តីម្នាក់នេះ ។ លោកនិយាយថា ជាការពិតថា វាពុំដែលកើតឡើងនោះទេនូវរឿងបែបនេះ ។
គួរឲ្យដឹងថា អ្នកស្រី Reade បានធ្វើការជាជំនួយការរបស់លោក Bidenពេលដែលរូបលោកគឺជាសមាជិព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ។
អ្នកស្រី បានទម្លាយរឿងអាស្រូវមួយនេះ កាលពីឆ្នាំ ២០២០ ពេលដែលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក ចាប់ផ្តើម គឺនៅពេលដែលអ្នកស្រីអះអាងថា លោក Biden បានបំពានផ្លូវភេទលើរូបគាត់នៅច្រករបៀងវិមាន Capitol Hillពេលដែលគាត់មានវ័យ ២៩ឆ្នាំ ។
អ្នកស្រី បានចោទប្រកាន់ថា លោក Biden បានរុញគាត់ផ្ទប់នឹងជញ្ជាំង និងដាក់ដៃគាត់ក្រោមអាវ និងសំពត់របស់គាត់ ៕
