រុស្ស៊ីបានមើលឃើញឥទ្ធិពលនៃសង្រ្គាមរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ប្រែមកលើទឹកដីរបស់ខ្លួនឯងវិញ កាលពីថ្ងៃពុធ ក្រោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំទ្រង់ទ្រាយធំ ធ្វើឲ្យរបួសមនុស្ស ៤នាក់នៅក្នុងតំបន់ Belgorodហើយព័ត៌មានបឋមបង្ហាញថា យានដ្រូនមួយគ្រឿង បានធ្លាក់ និងបង្កឲ្យកើតមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងរបស់ពួកគេ ស្ថិតនៅតំបន់ភាគខាងត្បូង ។

លោក Vyacheslav Gladkov គឺជាអភិបាលតំបន់ Belgorod និយាយថា អគារផ្ទះល្វែង ៨ខ្នង ផ្ទះ ៤ខ្នង សាលារៀនមួយខ្នង និងអគាររដ្ឋបាល ២ខ្នង រងការខូចខាត អំឡុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំទៅលើភូមិ Shebekino គឺជាភូមិស្ថិតនៅតំបន់ព្រំដែន Belgorod ។

លោក Gladkov និយាយថា មាននូវការផ្លោងគ្រាប់កាំភ្លើងធំកាន់តែច្រើននៅតាមតំបន់ព្រំដែនកាលពីល្ងាចថ្ងៃពុធ ហើយលោកបានដាក់ការស្តីបន្ទោសការវាយប្រហារទាំងនេះ លើកងកម្លាំងអ៊ុយក្រែន ។
ថ្លែងអំឡុងពេលផ្សាយផ្ទាល់ លោកនិយាយថា រោងចក្រឧស្សាហកម្មមួយកន្លែងនៅជិតទីក្រុង Shebekino រងការវាយប្រហារ ។ ស្ថានភាពនៅក្នុងទីក្រុង Shebekino ពុំល្អប្រសើរនោះទេ ។ មានការផ្លោងគ្រាប់កាំភ្លើងធំនៅទីក្រុង Shebekino មានអគ្គិភ័យនៅសហគ្រាសឧស្សាហកម្មមួយកន្លែង ។
លោក Gladkov និយាយកាលពីយប់ថ្ងៃអង្គារថា មនុស្សម្នាក់ បានសម្លាប់ ហើយមនុស្ស ២នាក់ទៀត បានរងរបួស អំឡុងការវាយប្រហារទៅលើមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នមួយកន្លែង ។
ស្របពេលនោះដែរ ក្រុមមន្រ្តីក្នុងស្រុក និយាយថា យានដ្រូនមួយគ្រឿងបានធ្លាក់លើរោងចក្រចម្រាញ់ប្រេង Ilsky នៅក្នុងតំបន់ Krasnodar ស្ថិតនៅភាគខាងកើតឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ី បានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ៕
