ស៊ូដង់ ៖ ការិយាល័យអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានផ្អាកកិច្ចចរចាបទឈប់បាញ់របស់ខ្លួនជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ខណៈដែលជនស៊ីវិលជាច្រើននៅក្នុងរដ្ឋធានី Khartoum កំពុងប្រឈមមុខនឹងស្ថានភាពដែលមិនអាចទាយទុកជាមុនបាន។
កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF កាលពីថ្ងៃចន្ទបានយល់ព្រមលើការបន្តរយៈពេលប្រាំថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី ២០ ខែឧសភា។ ប្រទេសស៊ូដង់បាននិងកំពុងរងការប៉ះទង្គិចប្រដាប់អាវុធដ៏ធ្ងន់ធ្ងររវាងកងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF នៅក្នុងរដ្ឋធានី Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី ១៥ ខែមេសា មក។
ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានបន្តកាលពីថ្ងៃពុធនៅរដ្ឋធានី Khartoum និងតំបន់ក្បែរនោះដូចជា តំបន់ Kordofan ភាគខាងជើងនិងតំបន់ Darfur។ ក្រុមកុលសម្ព័ន្ធក្នុងស្រុកមួយចំនួនដែលគាំទ្រភាគីទាំងពីររៀងៗខ្លួន ក៏បានប៉ះទង្គិចគ្នា ផងដែរដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត។
ស្ថានភាពផ្លាស់ប្តូរនៅក្នុងប្រទេសស៊ូដង់បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងរបស់ជនស៊ីវិលជាច្រើន
អំពីនិរន្តរភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ ដោយត្អូញត្អែថាជីវិតរបស់ពួក គេត្រូវបាន បំផ្លាញទាំងស្រុង ដោយសារ ការ ប៉ះទង្គិចគ្នានោះ៕

