UN ៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ ឬUN បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ (ទី៣១ ឧសភា) ថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ឬ UN ប្រចាំនៅសហភាពមីយ៉ាន់ម៉ា នឹងលាលែងពីតួនាទី នៅខែមិថុនានេះ បន្ទាប់ពីបានកាន់តំណែងរយៈពេល ១៨ខែ ដែលឃើញថា លោកស្រីត្រូវបានរិះគន់ដោយរបបយោធា និងគូប្រជែងរបស់យោធា។
សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់នូវការទទួលបានបទពិសោធន៍លទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលយ៉ាងខ្លី និងបង្កឲ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារ។
កិច្ចប្រឹងប្រែងការទូត ដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីដោះស្រាយវិបត្តិនេះ ឃើញថា រហូតមកដល់ពេលនេះ មិនអាចទប់ស្កាត់ការបង្ហូរឈាម ដែលកើតឡើងដោយការធ្វើរដ្ឋប្រហារនោះឡើយ។
លោក Stephane Dujarric បាននិយាយថា លោកស្រី Noeleen Heyzer ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងខែតុលា ឆ្នាំ២០២១ នឹងបញ្ចប់តំណែងរបស់ខ្លួន នៅថ្ងៃទី១២ ខែមិថុនា នៅពេលដែលកិច្ចសន្យារបស់លោកស្រី បានអស់សុពលភាព។
លោកស្រី Heyzer ដែលជាសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន ហើយបញ្ឈប់ការបង្ក្រាបដ៏បង្ហូរឈាម ដែលបានចាប់ផ្តើម បន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi។
លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខដឹកនាំរបបយោធាលោក Min Aung Hlaing និងក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ដែលជាសកម្មភាពមួយ ត្រូវបានរិះគន់ ដោយក្រុមសិទ្ធិមនុស្សថា ជាការជួយផ្តល់ភាពស្របច្បាប់ដល់ក្រុមឧត្តមសេនីយ៍ទាំងនោះ៕

