ស៊ូដង់ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា លោកសូមធ្វើការបញ្ជាក់ឡើងវិញដល់ក្រុមប្រឹក្សាសន្តិសុខ UNពីជំនឿចិត្តទាំងស្រុងរបស់លោកលើរូបលោក Volker Perthes ដែលជាអ្នកតំណាងពិសេសរបស់លោកប្រចាំនៅប្រទេសស៊ូដង់ ។
យោងតាមប្រភពព័ត៌មានពីប្រធានាធិបតីស៊ូដង់ បានឲ្យដឹងថា មេបញ្ជាការកងទ័ពស៊ូដង់លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan បានសរសេរលិខិតទៅកាន់លោក Guterresកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីស្នើសុំឲ្យរូបលោកដាក់ជំនួសប្រេសិតពិសេស Volker Perthes របស់លោក។
គួរឲ្យដឹងថា កងទ័ពស៊ូដង់ បានផ្អាកកិច្ចពិភាក្សាជាមួយគូប្រជែងកងទ័ពរបស់ខ្លួនកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងបទឈប់បាញ់ និងការបញ្ជូនជំនួយ ជាហេតុធ្វើឲ្យមានក្តីបារម្ភថា ជម្លោះរយៈពេល ៦សប្តាហ៍នេះ នឹងពន្លិចប្រទេសធំបំផុតទី៣នៅអាហ្វ្រិកមួយនេះ កាន់តែជ្រៅទៅក្នុងវិបត្តិមនុស្សធម៌ ។
កងទ័ពស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានបញ្ឈប់កិច្ចពិភាក្សានៅក្នុងទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត ដោយបានចោទប្រកាន់ភាគីម្ខាងទៀត ថាខ្វះខ្វះការប្តេជ្ញាចិត្តអនុវត្តន៍លក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀង ហើយនិងបានបំពានជាបន្តបន្ទាប់លើបទឈប់បាញ់ ៕

