បាល់ទាត់៖ អ្នកគាំទ្រ Manchester City បានប្រមូលផ្តុំគ្នានៅខាងក្រោយកីឡដ្ឋាន Etihad ក្រោយការប្រកួតបញ្ចប់ដែល Chelsea យកឈ្នះ Manchester City កាលពីថ្ងៃសៅរ៍ក្របខណ្ឌ English Premier League។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៩ ខែឧសភានេះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទីក្រុង Istanbul ប្រទេសទួកគី។

អ្នកគាំទ្រ Manchester City បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួន ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសទាំង២ នេះអាចលើកមកកាន់ទឹកដីអង់គ្លេសបាន។ រដ្ឋាភិបាលអង់គ្លេសចុងសប្តាហ៍កន្លងទៅ បានទទូចឲ្យអ្នកគាំទ្ររបស់ខ្លួនកុំធ្វើដំណើរ ទៅទស្សនាដល់ទឹកដីទួកគី ដោយប្រទេសមួយនេះត្រូវអង់គ្លេសចាត់ទុកជាតំបន់ក្រហម ខណៈកំពុងស្ថិតក្នុងបិទខ្ទប់ដោយសារការផ្ទុះឡើង នៃការឆ្លងរាលដាលមេរោគ Covid-19 សារជាថ្មី។ រដ្ឋាភិបាលអង់គ្លេសក៏បាន និងកំពុងស្នើសុំ UEFA ក្នុងការលើកការប្រកួតនេះមកកាន់ទឹកដីអង់គ្លេសផងដែរ។
UEFA បានសំរេចកន្លងមកពីការអនុញ្ញាតឲ្យអ្នកគាំទ្រក្រុមទាំងពីរម្ខាង ៤០០០នាក់ចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ តែអង់គ្លេសដែលទើបងើបផុតពីការបិទខ្ទប់នោះ មិនចង់អោយប្រជាជនធ្វើដំណើរទៅទឹកដីទួកគីទេ ខណៈរាល់ការធ្វើដំណើរត្រលប់មកវិញសុទ្ធតែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយកីឡាករទៀតសោតក៏ត្រូវធ្វើយ៉ាងដូច្នោះដែរ ដែលការនេះនឹងធ្វើអោយប៉ះពាល់ដល់ការប្រមូលផ្តុំ ក្រុមជំរើសជាតិមុន Euro ២០២០ នៅដើមខែមិថុនាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ