អាហ្វហ្កានីស្ថាន ៖ ប្រភពព័ត៌មាន២ដែលនៅជិតស្និទ្ធនឹងជំនួបនេះ បានបញ្ជាប់ប្រាប់ CNNថា នាយករដ្ឋមន្រ្តីកាតា បានជួបដោយសម្ងាត់ជាមួយមេដឹកនាំកំពូលតាលីបង់កាលពីដើមខែនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ជំនួបនេះ បានធ្វើឡើងនៅទីក្រុងភាគខាងត្បូង Kandahar កាលពីថ្ងៃទី ១២ ខែឧសភា រវាងមេដឹកនាំកំពូលតាលីបង់លោក Haibatullah Akhundzada និងនាយករដ្ឋមន្រ្តីកាតា គឺព្រះអង្គម្ចាស់ Mohammed bin Abdulrahman bin Jassim Al-Thani ។
ជំនួបដែលត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនេះ ត្រូវបានគេជឿថាគឺជាជំនួបលើកដំបូងរវាងលោក Akhundzada និងនិងមេដឹកនាំបរទេស ។
រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ត្រូវបានរាយការណ៍ជូនភ្លាមៗដោយកាតា នៅក្នុងទីក្រុងវ៉ាស៊ីងតោន ហើយបន្ទាប់មកតាមទូរស័ព្ទនៅថ្ងៃក្រោយជំនួបរវាងរដ្ឋមន្រ្តីសហរដ្ឋអាមេរិក លោក Antony Blinken និងព្រះអង្គម្ចាស់ Al-Thani ដែលជារដ្ឋមន្រ្តីបរទេសរបស់កាតាផងដែរ ។
រយៈពេលប៉ុន្មានថ្ងៃក្រោយមក សារព័ត៌មាន Al Jazeera របស់កាតាបានរាយការណ៍ថា ព្រះអង្គម្ចាស់ Al-Thaniបានយាងបំពេញទស្សនទៅកាន់រដ្ឋធានីរបស់អាហ្វហ្គានីស្ថាន គឺជាផ្នែកមួយនៃការសម្របសម្រួលទំនាក់ទំនងរវាងរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ និងសហគមន៍អន្តរជាតិ ៕

