កណ្ដាល៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងអំឡុងពេលបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារទូទាំងស្រុកកណ្ដាលស្ទឹង ចំនួន ២០២០ នាក់ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ។
ឯកឧត្ដមថ្លែងថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តការងារធានាឱ្យបានដាច់ខាតការពារសន្តិសុខសណ្នាប់ធ្នាប់ នៅក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងក្នុងពេលដំណើរការបោះឆ្នោតកុំឱ្យមានការកើតឡើងនូវការអុកឡុករំខានពីជនអគតិ ករណីហឹង្សាណាមួយដែលនាំឱ្យប៉ះពាល់នៃដំណើរការបោះឆ្នោត ជាពិសេសត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងបណ្ដាគណបក្សនយោបាយទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីឱ្យគាត់មានលទ្ធភាពអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តិទៅតាមលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងដោយគ្មានអំពើហិង្សា។
ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមថែរក្សាសុខសន្តិភាពដែលមាននាសព្វថ្ងៃនេះឱ្យបានគង់វង្សស្ថិតស្ថេរពីព្រោះសន្តិភាពមានតម្លៃណាស់មិនអាចកាត់ថ្លៃបាន។
នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបន្តការគាំទ្រសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ ម៉ក់ រ៉េនីតា