
នៅថ្ងៃព្រហស្បតិ៍ (០១ មិថុនា)នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានជំរុញឱ្យប្រទេសកូរ៉េខាងជើង ដកផែនការបាញ់បង្ហោះយានទៅកាន់ទីអវកាសជាលើកទីពីររបស់ខ្លួន មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះបានបរាជ័យ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Lim Soo-suk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលថា "មិនថាការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជោគជ័យឬអត់នោះទេ វាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃឧបទ្វីបកូរ៉េ ព្រមទាំងសហគមន៍អន្តរជាតិផងដែរ"។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា នៅព្រឹកថ្ងៃដដែលលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាក្នុងពេលឆាប់ៗនេះ ហើយសន្យាថាទីក្រុងព្យុងយ៉ាងនឹងបង្កើនសមត្ថភាពឃ្លាំមើលយោធារបស់ខ្លួន។
លោក គីម បានច្រានចោលការថ្កោលទោសរបស់ទីក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃទៀតចំពោះការបាញ់បង្ហោះនេះ ដោយនិយាយថាជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការអភិវឌ្ឍផ្នែកអវកាស៕