
ក្រុមអ្នកបើកបររថភ្លើងប្រហែល ១២.០០០នាក់ នៅចក្រភពអង់គ្លេស បានធ្វើកូដកម្មកាលពីថ្ងៃពុធ ដើម្បីស្នើសុំប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ស្របពេលមានវិបត្តិកំណើនអតិផរណានិងការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់។ សមាជិកនៃសហជីពអ្នកបើកបររថភ្លើង ASLEF បានធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងឡុងដ្រ៍ នៅខាងក្រៅស្ថានីយរថភ្លើង Euston ដោយសង្ឃឹមថានឹងមានដំណោះស្រាយលើវិបត្តិប្រាក់បៀវត្សរ៍ពីរដ្ឋាភិបាល។
លោក Mick Whelan អគ្គលេខាធិការសហជីព ASLEF បាននិយាយថា " តម្លៃថាមពល ស្បៀងអាហារ ការចំណាយប្រចាំថ្ងៃនៅចក្រភពអង់គ្លេសបានកើនឡើងពី ១៦ ទៅ ២០ ភាគរយក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះ ប្រជាជនមានអារម្មណ៍តានតឹងដោយគិតពីកម្រិតនៃប្រាក់ចំណូលដែលត្រូវចំណាយ»។
សហជីពបាននិយាយថា កូដកម្មនេះបានរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្លូវដែកចំនួន ១៦ប្រតិបត្តិការ ដោយមានតែរថភ្លើងប្រហែល ៤០ភាគរយប៉ុណ្ណោះដែលនៅបម្រើសេវាកម្ម ហើយអ្នកដំណើររាប់លាននាក់បានរងផលប៉ះពាល់កាលពីថ្ងៃពុធ។ ការធ្វើកូដកម្មឧស្សាហកម្មបន្ថែមទៀតត្រូវបានគេរំពឹងទុកនាពេលខាងមុខ។
ការិយាល័យស្ថិតិជាតិ (ONS ) បាននិយាយកាលពីចុងខែឧសភាថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចក្រភពអង់គ្លេស បានកើនឡើង ៨,៧ ភាគរយក្នុងរយៈពេល ១២ខែគិតត្រឹមខែមេសា ខណៈដែលតម្លៃម្ហូបអាហារ និងភេសជ្ជៈមិនមែនគ្រឿងស្រវឹងគឺឡើងខ្ពស់មិនស្រកចុះ ហើយបានកើនឡើងចំនួន ១៩,១ភាគរយពីបើធៀបនឹងឆ្នាំមុន៕
