ភ្នំពេញ ៖ ជប៉ុននឹងបញ្ជូនក្រុមអាជ្ញាកណ្តាលជប៉ុនប្រមាណ ៤០រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលរៀបចំធ្វើនៅកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
សេចក្ដីប្រកាសព័ត៌មាន ដែលស្ថានទូតជប៉ុនផ្សព្វផ្សាយមានខ្លឹមសារថា តាមរយៈកម្មវិធីរួមចំណែកជាអន្តរជាតិ «កីឡាសម្រាប់ថ្ងៃស្អែក» ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន នឹងបញ្ជូនក្រុមអាជ្ញាកណ្តាលជប៉ុនប្រមាណ៤០រូប សម្រាប់ការប្រកួតកីឡា៤ប្រភេទមាន កីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា នៅកម្ពុជា។
ចំនួនដែលនឹងត្រូវបញ្ចូន (បណ្តោះអាសន្ន) សម្រាប់កីឡាអត្តពលិកម្ម ២០រូប សម្រាប់កីឡាលើកទម្ងន់ ២រូប សម្រាប់កីឡាហែលទឹក ១២រូប និងសម្រាប់កីឡា បាល់បោះជិះរទេះ ៣រូប។ ដើមចមនៃការបញ្ជូន សម្រេចតាមរយៈសំណើ របស់គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជាដែលគ្រប់គ្រងដោយអាស៊ានប៉ារ៉ាហ្គេម។ អាជ្ញាកណ្ដាលជាច្រើនមានបទពិសោធន៍ចូលរួមក្នុងព្រឹត្តិការណ៍កីឡាតូក្យូ២០២០។
ជុំវិញការបញ្ជូនក្រុមអាជ្ញាកណ្ដាលនេះ ត្រូវបានធ្វើឡើងក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្ដូរទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំអបអរខូបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន - អាស៊ាន៕ ដោយ ៖ សុជាតា






