ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការយកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៃអនុវិស័យនីមួយៗ ដោយផ្តោតលើសក្តានុពលនៃខេត្តនីមួយៗ និងគោលដៅទស្សនវិស័យដែលចង់សម្រេចបាន ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។ ដោយក្នុងនោះត្រូវមានផែនការផលិតកម្មច្បាស់លាស់ ប្រើពូជសុទ្ធ ផ្តោតលើគុណភាព សុវត្ថិភាព ស្របតាមស្តង់ដារគោលនយោបាយ និងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីទស្សនាទាននៃការអភិវឌ្ឍវិស័យកសិកម្ម គឺត្រូវពិនិត្យលើសក្តានុពលនៃខេត្តនីមួយៗឱ្យបានល្អិតល្អន់ដោយធ្វើការប្រៀបធៀបលើប្រសិទ្ធភាពសេដ្ឋកិច្ច និងធ្វើការជំរុញផលិតកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខនិងសុវត្ថិភាពស្បៀង មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ និងនិរន្តរភាពបរិស្ថាន៕ អត្ថបទ៖ ឈិត បូរ៉ាវី