
នៅក្នុងរបាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃពុធ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ(IRC)បាននិយាយថា បណ្តារដ្ឋនៅសហភាពអឺរ៉ុប បានធ្វេសប្រហែសជាបន្តបន្ទាប់ចំពោះតម្រូវការរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ជាកន្លែង ដែល ពួកគេរកឃើញថាមានតែពលរដ្ឋអាហ្វហ្គានីស្ថាន ២៧១នាក់ប៉ុណ្ណោះ នៅក្នុងចំណោម ២៧ម៉ឺននាក់ ទទួលបានការតាំង លំនៅថ្មីនៅក្នុងប្លុកមួយនេះ កាលពីឆ្នាំ២០២២។
IRCនិយាយថា ពលរដ្ឋអាហ្វហ្គានីស្ថាន តំណាងឲ្យចំនួនជនភៀសខ្លួនច្រើនបំផុតលំដាប់ទី ៣របស់ពិភពលោក ហើយភាគច្រើននៃពលរដ្ឋអាហ្វហ្គានីស្ថាន នៅខ្វះខាតផ្លូវទៅកាន់សុវត្ថិភាពនៅអឹរ៉ុប រយៈពេលជិត២ឆ្នាំ ក្រោយការដណ្តើមគ្រប់គ្រងអំណាចរបស់ក្រុមតាលីបង់ ។
របាយការណ៍នេះ បានបញ្ជាក់ពីឧបសគ្គធំៗនៅអឺរ៉ុបសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលរួមទាំងការគំរាមកំហែងបង្ខំឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ឧបសគ្គទទួលបាននិតិវិធីសិទ្ធិជ្រកកោនដោយយុត្តិធម៌ និងការបង្ខាំងទុករយៈពេលយូរនៅក្នុងមន្ទីរឃុំខ្លួន ។
របាយការណ៍នេះ បាននិយាយផងដែរថា អាល្លឺម៉ង់នាំមុខគេក្នុងកិច្ចខិតខំទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប ក្នុងការស្វាគមន៍ពលរដ្ឋអាហ្វហ្គានស្ថាន ចាប់តាំងពីការគ្រប់គ្រងអំណាចរបស់ក្រុមតាលីបង់ ហើយនិងបានបង្ហាញក្តីបារម្ភចំពោះកម្មវិធីបច្ចុប្បន្នរបស់ពួកគេ ក្នុងការស្វាគមន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថាន។
កាលពីខែតុលា ឆ្នាំមុន រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសកម្មវិធីប្រវេសន៍សហព័ន្ធ ដែលប្តេជ្ញាចិត្តទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ១ពាន់នាក់ក្នុង១ខែរហូតដល់ខែកញ្ញា ឆ្នាំ២០២៥៕