
សារព័ត៌មាន BBC បានរកឃើញថា ភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្ស អាចនឹងបាត់បង់ បន្ទាប់ពីត្រូវបានលុបដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស។
វេទិការបស់បណ្ដាញសង្គមជារឿយៗប្រើបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីលុបវីដេអូក្រាហ្វិក ប៉ុន្តែវីដេអូ ដែលអាចជួយឲ្យមានការកាត់ទោសបាននោះ អាចត្រូវបានលុបចេញ ដោយមិនត្រូវបានរក្សាទុក។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Meta និង YouTube និយាយថា ពួកគេមានគោលបំណងធ្វើឲ្យមានតុល្យភាពភារកិច្ចរបស់ពួកគេ ក្នុងការធ្វើជាសាក្សី និងការពារអ្នកប្រើប្រាស់ពីមាតិកា ដែលបង្កគ្រោះថ្នាក់។
ប៉ុន្តែលោក Alan Rusbridger ដែលអង្គុយកៅអីប្រធានក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta និយាយថា ឧស្សាហកម្មនេះ «មានការប្រុងប្រយ័ត្នខ្ពស់» ក្នុងកម្រិតថ្លឹងថ្លែង។
វេទិការបស់បណ្ដាញសង្គម ឲ្យដឹងថា ពួកគេមានការលើកលែង ចំពោះរូបសន្លឹកជាលក្ខណៈប្រើក្រាហ្វិក ប្រសិនបើវាជាផលប្រយោជន៍សាធារណៈ ប៉ុន្តែនៅពេលដែលសារព័ត៌មាន BBC ព្យាយាមបង្ហោះវីដេអូឯកសារពីការវាយប្រហារលើជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន វីដេអូនោះត្រូវបានលុបចោលភ្លាមមួយរំពេច។
បញ្ញាសិប្បនិម្មិត ឬ AI អាចលុបមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់ តាមកម្រិត។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលវាត្រូវត្រួតពិនិត្យលើរូបភាពហិង្សាពីសង្គ្រាម ឧបករណ៍នៅខ្វះការផ្ដល់ភាពខុសប្លែកគ្នា ដើម្បីកំណត់អត្តសញ្ញាណនៃការរំលោភសិទ្ធិមនុស្ស។
ក្រុមសិទ្ធិមនុស្សនិយាយថា ត្រូវតែមានតម្រូវការបន្ទាន់មួយ ដើម្បីឲ្យក្រុមហ៊ុនបណ្ដាញសង្គម ទប់ស្កាត់ការបាត់ព័ត៌មានទាំងអស់នេះ៕
