
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេលិនស្គី នៅថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញទៅដល់កន្លែងប្រជុំរបស់សហគមន៍នយោបាយអឺរ៉ុប នៅក្នុងក្រុងប៊ុលបូកា ប្រទេសម៉ូដូវ៉ា។
នៅក្នុងការធ្វើដំណើរលើកម្រាលព្រំពណ៌ក្រហមនៅឯវិមានមីមី កាសល លោកហ្សេលិនស្គី ត្រូវបានទទួលបដិសណ្ឋារកិច្ចពីប្រធានាធិបតីម៉ូដូវ៉ា លោកស្រី ម៉ារៀ សាន់ឌូ យ៉ាងកក់ក្ដៅ។
នៅក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសម៉ូដូវ៉ា លោកហ្សេលិនស្គី បាននិយាយថា អ៊ុយក្រែនបានត្រៀមលក្ខណៈជាស្រេចដើម្បីចូលជាមួយសម្ព័នយោធានាតូ និងបានបញ្ជាក់ថា ក្រុងគីវ កំពុងរងចាំភ្លើងខៀវពីប្លុកនេះ នៅក្នុងការទទួលប្រទេសរបស់លោកជាសមាជិក។ លោកបានប្រាប់អ្នកពត៌មានបន្ទាប់ពីអញ្ជើញទៅដល់កន្លែងជំនួបកំពូល ដែលត្រូវបានទទួលរៀបចំឡើងដោយប្រទេសជិតខាងរបស់អ៊ុយក្រែន។