
នៅថ្ងៃព្រហស្បតិ៍ (១ មិថុនា)នេះ បណ្ដារដ្ឋមន្ត្រីការបរទេសណាតូ បានជួបប្រជុំគ្នានៅរដ្ឋធានី Oslo ប្រទេសន័រវែស ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ពួកគេសម្រាប់ប្រទេសអ៊ុយក្រែន និងការព្យាយាមចូលជាសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត។
ថ្លែងនៅមុនកិច្ចប្រជុំរយៈពេលពីរថ្ងៃ លោក Stoltenberg បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីសំណើរបស់ប្រទេសស៊ុយអែត ក្នុងគោលបំណងបញ្ចប់ដំណើរការដែលត្រូវបានពន្យារពេលដោយសារតែការជំទាស់ពីប្រទេសសមាជិកណាតូគឺ ទួរគី និងហុងគ្រី។
ថ្លែងក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃក្រុមរដ្ឋមន្ត្រីការបរទេសអង្គការណាតូនៅទីក្រុង Oslo លោក Stoltenberg បាននិយាយថា លោកបាននិយាយកាលពីដើមសប្តាហ៍នេះទៅកាន់លោកប្រធានាធិបតីទួរគី Tayyip Erdogan ដែលកាលពីចុងសប្តាហ៍បានឈ្នះការបោះឆ្នោតអាណត្តិទី៣ជាប្រធានាធិបតីទួរគីបន្តទៀត។
រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានសម្លាប់មនុស្សពីរនាក់ រួមទាំងក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់នៅក្នុងទីក្រុង Kyiv ថា អង្គការណាតូក៏ត្រូវគិតផងដែរ ថាតើការធានាសន្តិសុខប្រភេទណាដែលខ្លួនអាចផ្តល់ឱ្យអ៊ុយក្រែន ។
ប្រទេសរុស្ស៊ីបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល ឬប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនោញទេ ប៉ុន្តែកងកម្លាំងរបស់ប្រទេសនេះ បានបង្កការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន និងបានវាយលុកតំបន់លំនៅដ្ឋានជាច្រើនដងចាប់តាំងពីការវាយលុកពេញបន្ទុក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ៕