
បណ្តាមេដឹកនាំអឺរ៉ុប កំពុងជួបជុំគ្នា នៅប្រទេសក្នុងប្រទេសម៉ុលដូវ៉ា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនយោបាយ ដែលផ្ដោតទៅលើផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយសារសង្រ្គាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។
សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរនៃសហគមន៍នយោបាយអឺរ៉ុបនេះ គេនឹងឃើញ ការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំជិត ៥០រូប ដើម្បីពិភាក្សាពីបញ្ហាសន្តិភាព និងសន្តិសុខ ព្រមទាំងបញ្ហាថាមពល និងអាកាសធាតុផងដែរ។
លោកស្រីប្រធានាធិបតីនៃសាធារណរដ្ឋម៉ុលដូវ៉ា Maia Sandu បន្ទាប់ពីបានស្វាគមន៍មេដឹកនាំទាំងអស់រួចមក បានលើកឡើងនៅឯពិធីបើកកិច្ចប្រជុំកំពូលថា សហគមន៍នយោបាយអឺរ៉ុប អាចរីកលូតលាស់ទៅជាវេទិកាដ៏សំខាន់មួយ សម្រាប់សកម្មភាពនៅទូទាំងអឺរ៉ុប សម្រាប់សន្តិសុខ សម្រាប់សន្តិភាព និងសម្រាប់អឺរ៉ុបទាំងមូល។
ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅមុនកិច្ចប្រជុំកំពូលលើកទីពីរនេះថា ប្រទេសម៉ុលដូវ៉ា គឺជាបេះដូងរបស់តំបន់អឺរ៉ុប ហើយថា សហភាពអឺរ៉ុប ឬ EU គាំទ្រប្រទេសនេះនូវជំហាននៃវិធីសាស្ត្ររបស់ខ្លួន។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានចូលរួមកិច្ចប្រជុំកំពូលនេះ ដោយផ្ទាល់ខ្លួន បានព្រមានថា អឺរ៉ុបមិនគួរមានការសង្ស័យអំពីសន្តិសុខ ការរួបរួមរបស់សហភាពអឺរ៉ុប ឬការជួបប្រទះនូវបញ្ហាប្រឈមនោះទេ។
សាធារណរដ្ឋម៉ុលដូវ៉ា ដែលជាអតីតប្រទេសក្នុងសហភាពសូវៀត ជាប់ព្រំដែនអ៊ុយក្រែន និងរូម៉ានី ទទួលបានឋានៈបេក្ខភាពរបស់សហភាពអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២២ រួមជាមួយអ៊ុយក្រែន ពោលគឺប៉ុន្មានខែ បន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកអ៊ុយក្រែន៕