
មេដឹកនាំទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមទាហានស៊ីឈ្នួលវ៉ាកនើPMC នឹងបញ្ចប់ការដកខ្លួនចេញពីក្រុងបាក់មុតនៅថ្ងៃទី៥មិថុនា ខាងមុខនេះ។
តាមវីដេអូមួយដែលចេញផ្សាយដោយ សេវាសារព័ត៌មានរបស់លោក លោកព្រីហ្ស៊ីនដែលស្លៀកឯកសណ្ឋានយោធាចាស់ ត្រូវបានគេឃើញកំពុងចាប់ដៃនិងនិយាយជាមួយក្រុមទាហានរបស់លោក ដោយប្រាប់ពួកគេថា យើងមិនគួស្ថិតនៅក្រុងបាក់មុតតទៅទៀតឡើយ។
នៅក្នុងវីដេអូដាច់ដោយឡែកមួយទៀត ដែលត្រូវបានផ្សព្វផ្សាយដោយសេវាសារព័ត៌មានវ៉ាកនើផងដែរនោះ លោកព្រីហ្គូហ្ស៊ីន កំពុងនិយាយទៅកាន់អ្នកព័ត៌មានរុស្ស៊ី១ក្រុម និងបាននិយាយថា ក្រុមវ៉ាកនើរបស់លោក នឹងនៅតែប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើក្រុមទាហានរបស់លោក ទទួលបានផ្នែកសមរភូមិដាច់ដោយឡែកណាមួយដោយមិនមានការពឹងផ្អែកទៅលើពួកទាហានត្លុក ដែលកំពុងគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដ៏ធំនោះ។
នៅក្នុងការប្រារព្ធពិធីខួប៦២ឆ្នាំរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ នៅឯជំរំហ្វឹកហ្វឺនមួយកន្លែង លោកព្រីហ្គូហ្ស៊ីន បានបញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមទាហានរបស់លោក នៅទីបំផុត នឹងចាកចេញពីក្រុងបាក់មុតភាគខាងកើតអ៊ុយក្រែន នៅថ្ងៃទី៥មិថុនាខាងមុខ បន្ទាប់ពីបានប្រគល់ទីតាំងនេះឲ្យទៅកងទ័ពរុស្ស៊ី។ ក្រុមទាហានស៊ីឈ្នួលវ៉ាកនើ បានដណ្ដើមកាន់កាប់ក្រុងដ៏ខ្ទេចខ្ទាំនេះ កាលពីខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នាអស់ជាច្រើនខែមក។
លោកព្រីកហ្គូហ្ស៊ីន បាននិយាយថា ក្រុមទាហានរបស់លោក ចង់សម្រាកនៅឯជំរំក្នុងប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ីរយៈពេលប្រហែល១ខែ ហើយពេលនោះ រឿងទាំងឡាយនឹងកាន់តែច្បាស់ជាងនេះជាក់ជាមិនខាន។
ម្ចាស់ភោជនីយដ្ឋានដែលក្លាយជាមេដឹកនាំទាហានស៊ីឈ្នួលរូបនេះ បានទទួលនូវកេរ្ដិ៍ឈ្មោះមិនល្អ នៅក្នុងសង្គ្រាមរយៈ ១៥ខែ ក្នុងប្រទេសអ៊ុយក្រែន និងបានវាយប្រហារដោយពាក្យសម្តីជាទៀងទាត់ទៅលើក្រុមមន្ដ្រីជាន់ខ្ពស់យោធារបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ជាពិសេសរដ្ឋមន្ដ្រីការពារជាតិលោក ស៊ើហ្គេ សយហ្គូ និងនាយអគ្គសេនាធិការកងទ័ព លោកវ៉ាលលើរី ហ្គើរ៉ាស៊ីម៉ូវលើសកម្មភាពរបស់ពួកគេ។ទាំងលោក សយហ្គូ ទាំងលោកហ្គារ៉ាស៊ីម៉ូវ មិនបានឆ្លើយតបទៅនឹងការដៀមដាមរបស់លោកជាសាធារណៈនោះឡើយ។