អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ុយអែត នឹងចូលជាសមាជិកសម្ព័ន្ធយោធាណាតូឆាប់ៗ នៅពេលថ្លែងនៅសាលាបណ្ឌិត្យសភាកងកម្លាំងទ័ពអាកាសអាមេរិក ជាច្រើនថ្ងៃបន្ទាប់ពីលោកបានផ្តល់តម្រុយចំពោះកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ដើម្បីជម្នះការប្រឆំាងរបស់ប្រទេសទួរគីចំពោះការទទួលយកប្រទេសនៅអឺរ៉ុបខាងជើងមួយនេះចូលទៅក្នុងសម្ព័ន្ធនេះ។
លោក Biden ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបញ្ចប់វគ្គសិក្សានៅក្នុងទីក្រុង Colorado Springs រដ្ឋ Colorado បានព្រមានដល់អ្នកទទួលសញ្ញាប័ត្រថា ពួកគេនឹងចូលក្នុងអង្គភាពសេវាក្នុងពិភពលោកដែលមានអស្ថិរភាពកើនឡើង ដោយលើកឡើងពីការប្រឈមមកពីប្រទេសរុស្ស៊ី និងចិន។

កាលពីថ្ងៃចន្ទ លោក Biden បានថ្លែងទៅកាន់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដើម្បីអបអរលោកក្នុងការជាប់ឆ្នោតថ្មី ។ លោក Biden បានប្រាប់អ្នករាយការណ៍ព័ត៌មានថា លោក Erdogan បាននិយាយដដែលៗពីបំណងប្រាថ្នារបស់ទីក្រុងអង់ការរ៉ាក្នុងការទិញយន្តហោះចម្បាំងF-16 ពីសហរដ្ឋអាមេរិក ខណៈលោក Biden បានជំរុញឲ្យទីក្រុងអង់ការ៉ា បញ្ឈប់ការជំទាស់របស់ខ្លួនចំពោះការចូលជាសមាជិករបស់ប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធយោធាណាតូ។ នៅក្នុងសុន្ទរកថារបស់លោក លោក Biden និយាយថា ណាតូ កាន់តែរឹងមាំ ទោះបីជាការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើឲ្យបែកបាក់សម្ព័ន្ធមិត្តដោយការឈ្លានពានរបស់លោកលើអ៊ុយក្រែនក៏ដោយ។ លោកនិយាយថា វាត្រូវបានជំរុញបន្ថែមទៀត ដោយការដាក់បញ្ចូលនាពេលថ្មីៗនេះនូវប្រទេសហ្វាំងឡង់ ហើយឆាប់ៗនេះគឺដាក់បញ្ចូលប្រទេសស៊ុយអែតទៀត៕
