អាមេរិក៖ អាចនឹងមានការពន្យាពេលដ៏យូរជាងនេះ សម្រាប់យានអវកាស Starliner របស់ក្រុមហ៊ុន Boeing ដែលត្រូវបានផលិតឡើង ដើម្បីបញ្ជូនអវកាសយានិកទៅ និងមកពីស្ថានីយអវកាសអន្តរជាតិ (ISS) ខណៈបេសកកម្មនេះ ធ្វើឡើងក៏ដើម្បីប្រកួតប្រជែងជាមួយយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាស SpaceX ផងដែរ។

ក្រុមហ៊ុន Boeing បានសម្រុកការងាររបស់ខ្លួនយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅរកការបាញ់បង្ហោះចុងខែកក្កដានៃការហោះហើរសាកល្បងយានអវកាស Starliner ដែលមានអវកាសយានិកដំបូងបង្អស់។ ប៉ុន្តែលោក Mark Nappi អនុប្រធាន និងជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Boeing សម្រាប់យានអវកាស CST-100 Starliner បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លី កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានបញ្ហាថ្មីចំនួនពីរ ដែលបានរកឃើញ ក្នុងដំណើរការត្រួតពិនិត្យឡើងវិញរបស់យើង។ ដូច្នេះ យើងបានចំណាយពេលមួយសប្តាហ៍ចុងក្រោយនេះ ដើម្បីស្វែងរកមើលបញ្ហានោះឲ្យបានល្អិតល្អន់បន្ថែមទៀត»។
នៅទីបំផុត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun និង NASA រួចមក ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការប៉ុនប៉ងបាញ់បង្ហោះ នៅខែកក្កដា ដើម្បីដោះស្រាយបញ្ហានានា។
បញ្ហាមួយទាក់ទងនឹងការរលាស់ឆ័ត្រយោង និងផ្នែកនៃគ្រឿងយន្តមួយហៅថា «តំណភ្ជាប់ផ្នែកទន់» ដែលមានកម្រិតទាបជាងការរំពឹងទុកដំបូង ហើយលោក Nappi បានប្រាប់ថា បញ្ហាផ្សេងទៀតទាក់ទងនឹងប្រទាប់រុំ ដែលត្រូវបានប្រើសម្រាប់ការពារខ្សែកុំឲ្យរហែក។ ស្រទាប់រុំនោះ ត្រូវបានរកឃើញថា អាចនឹងឆេះបានដោយងាយ។

បើទោះបីជជាការបាញ់បង្ហោះនៅឆ្នាំនេះ នៅតែមានលទ្ធភាពអាចធ្វើទៅបានក៏ដោយ ក៏មន្ត្រីរបស់ក្រុមហ៊ុន បាននិយាយថា ពួកគេនឹងមិនកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការបាញ់បង្ហោះថ្មីទេ រហូតដល់ពួកគេដឹងប្រាកដប្រជាអំពីបញ្ហាថ្មីៗជាមុនសិន។
កាលពីឆ្នាំ២០២២ យានអវកាស Starliner ដែលគ្មានអវកាសយានិក ត្រូវបានបាញ់បង្ហោះសាកល្បងលើកទីពីរ ទៅកាន់គន្លងតារាវិថី ប៉ុន្តែបញ្ហាដែលមានជាមួយយានអវកាស Starliner មានអវកាសយានិកនេះ បានកើតមានឡើងសឹងគ្រប់ដំណាក់កាលនៃកម្មវិធីអភិវឌ្ឍន៍របស់យាន៕