ជប៉ុន៖ ព្យុះកំបុតត្បូងចុះខ្សោយកម្លាំង Mawarបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាកោះសំខាន់ៗនៅភាគខាងត្បូងប្រទេសជប៉ុននាថ្ងៃសុក្រនេះ ក្រោយបោកបក់ឆ្លងកាត់ប្រជុំកោះ Okinawan និងបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។

ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះ ត្រូវបានគេព្រមានពីលទ្ធភាពនៃទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី ហើយជើងហោះហើរក្នុងស្រុករាប់សិបវ៉ុល ត្រូវបានលុបចោលរយៈពេល១ថ្ងៃ ។ នៅប្រជុំកោះ Okinawa ខ្យល់បក់ខ្លាំងនៅតែបន្តកើតមាន ហើយមនុស្ស ៨នាក់ បានរងរបួស ។ ស្រ្តីវ័យចំណាស់ម្នាក់ដែលដួល បានរងរបួសក្បាលធ្ងន់ធ្ងរនៅទីក្រុង Nishihara ប៉ុន្តែអ្នករងរបួសផ្សេងទៀត មានស្ថាភាពស្រាលប៉ុណ្ណោះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា ព្យុះ Mawar ដែលមុននេះគឺជាប្រភេទព្យុះកំណាចទីហ្វុង បានបោកបក់ក្នុងល្បឿន ៩០គ.មក្នុង១ម៉ោង ពេលដែលវាធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងកើតកោះ Okinoerabujima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ទៀតថា ស្របពេលដែលការខូចខាតដោយសារកម្លាំងខ្យល់នៅមានដែនកំណត់នៅប្រជុំកោះ Okinawaនោះ ខ្យល់ក្តៅ និងសំណើមពីព្យុះត្រូពិក បានធ្វើឲ្យភ្លៀងធ្លាក់កាន់តែខ្លាំង គំរាមកំហែងឲ្យកើតមានទឹកជំនន់ និងបំណាក់ដី ។ សូមបញ្ជាក់ថា ព្យុះ Mawar បានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនផងដែរ ក្រោយពេលវាបោកបក់ទៅលើកោះ Guam របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ៕