ម៉ិកស៊ិក ៖ ក្រុមអាជ្ញាធរម៉ិកស៊ិក បានរកឃើញបាវចំនួន ៤៥មានច្រកសាកសពមនុស្សនៅក្នុងជ្រោះ ស្ថិតនៅក្រៅទីក្រុងភាគខាងលិច Guadalajara ។
ក្រុមមន្រ្តីកំពុងស្វែងរកកម្មករក្មេងៗចំនួន ៧នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួនកាលបីសប្តាហ៍មុន ពេលដែលពួកគេរកឃើញសាកសពទាំងនេះ សាកសពមនុស្សទាំងនេះ រួមមានទាំងបុរស និងស្រ្តី ហើយនិងចំនួនសាកសពជាច្រើនទៀត គេពុំទាន់បានដឹងនោះទេ ។
ប្រតិបត្តិការរុករកត្រូវបានគេរំពឹងថានឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត ដោយសារតែស្ថានភាពងងឹតខ្លាំង ហើយលក្ខណៈភូមិសាស្រ្តពិបាក ។
ការិយាល័យរដ្ឋអាជ្ញារដ្ឋភាគខាងលិច Jaliscoនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីទទួលបានតម្រុយក្នុងការស្វែងរកមនុស្ស ៧នាក់ ពួកគេក៏បានចាប់ផ្តើមរុករកនៅជ្រោះ Mirador del Bosqueជាទីដែលពួកគេរកឃើញបាវ មានបំណែកសាកសព ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមការពារជនស៊ីវិល បានធ្វើការរួមគ្នាជាមួយក្រុមនគរបាល និងអាកាយានិកបើកឧទ្ធម្ភាគចក្រ ដើម្បីរកសាកសពទាំងនោះ ។
ការិយាល័យរដ្ឋអាជ្ញារ បន្តទៀតថា បាវដំបូង ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ ប៉ុន្តែដោយសារតែស្ថានភាពភូមិសាស្រ្តពិបាកខ្លាំង ហើយនិងខ្វះពន្លឺព្រះអាទិត្យ ការស៊ើបអង្កេតក៏បានចាប់ផ្តើមយឺតមួយថ្ងៃ គឺនៅថ្ងៃពុធ ហើយនឹងបន្តរហូតរកឃើញទីតាំងសាកសពមនុស្សទាំងអស់ ។
ក្រុមមន្រ្តីនិយាយថា ពួកគេនឹងបន្តធ្វើការដើម្បីកំណត់ចំនួនសាកសពមនុស្ស ថាតើពួកគេគឺជានរណា និងកំណត់មូលហេតុនៃការស្លាប់របស់ពួកគេ ៕ ដោយ ៖ សារ៉ាត់

