អាមេរិក ៖ ផ្លូវហាយវ៉េមួយកន្លែងនៅរដ្ឋតិចសាស់ បានទទួលរងដោយការជន់លិចភ្លាមៗធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហូរនាំយកយានយន្តជាច្រើនគ្រឿង ហើយផ្លូវជាច្រើនខ្សែរត្រូវបានបិទនៅទូទាំងតំបន់ Panhandle រដ្ឋតិចសាស់។
វីដេអូ ពីបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញយានយន្តច្រើនគ្រឿងត្រូវបានរុញទៅក្បែរចិញ្ចើមផ្លូវហាយវ៉េលេខ៨៧ រវាងតំបន់ O’Donnell និងតំបន់ Lubbock ដោយរថយន្តមួយចំនួនបានលិចទឹកនៅក្នុងទឹកជំនន់ដែលកំពុងកើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។
ការិយាល័យសេវាអាកាសធាតុជាតិ បានចេញការប្រកាសអាសន្នទឹកជំនន់ដ៏គំហុកនៅទូទាំងរដ្ឋតិចសាស់សហរដ្ឋអាមេរិកភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានពីខ្យលបក់ខ្លាំងក្នុងល្បឿនរហូតដល់១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងណែនាំឲ្យពលរដ្ឋចេញឆ្ងាយពីផ្លូវធំ និងស្វែងរកទីទួលសុវត្ថិ ភាព។

