
តម្លៃប្រែងបានហក់ឡើងនៅព្រឹកថ្ងៃសុក្រនេះ ក្នុងការជួញដូរដំបូង នៅអាស៊ី ខណៈទីផ្សារកំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះលទ្ធភាពនៃការកាត់បន្ថយទិន្នផលប្រេងរបស់សម្ព័ន្ធមិត្តក្រុមប្រទេសផលិតប្រេងនាំចេញ OPEC+ ដែលគាំទ្រតម្លៃប្រេង នៅចុងសប្តាហ៍ ចំពេលមានទស្សនៈវិជ្ជមានលើគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និងការដំឡើងកម្រិតអតិបរិមាបំណុលរបស់ទីក្រុងវ៉ាស៊ីនតោន។
តម្លៃភាគហ៊ុនប្រេងឆៅ Brent បានឡើង ១៣សេន ឬ ០,១៨ភាគរយ ពោល គឺឡើងដល់ ៧៤,១៤ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោង ១:១៥នាទី ម៉ោងសកល ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានឡើងថ្លៃ ១៥សេន ឬ ០,២១ភាគរយ ពោល គឺឡើងដល់ ៧០,២៥ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីតម្លៃប្រេងឆៅ បានធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នា។
ទីផ្សារប្រេងត្រូវបានធានាឡើងវិញ ដោយសញ្ញាដែកថានឹងលែងមានការដំឡើងអត្រាការប្រាក់ ដោយធនាគារកណ្តាលសហព័ន្ធ (Federal Reserve) របស់អាមេរិក ក៏ដូចជាការអនុម័តរបស់សភាតំណាងរាស្ត្រលើសេចក្ដីស្នើច្បាប់ដំឡើងអតិបរិមាបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទំនងជាពន្យារពេលជាពណ្ដោះអាសន្ននូវការខកខានសងបំណុលជាតិដ៏មហន្តរាយនោះ។
ការយកចិត្តទុកដាក់របស់វិនិយោគិន ឥឡូវនេះ កំពុងផ្ដោតលើកិច្ចប្រជុំ នៅថ្ងៃទី៤ ខែមិថុនាខាងមុខរបស់អង្គការនៃប្រទេសផលិតប្រេងនាំចេញ ឬ OPEC និងសម្ព័ន្ធមិត្ត ដោយក្នុងនោះរួមមានទាំងប្រទេសរុស្ស៊ី ដែលហៅជារួមថា OPEC+។ រដ្ឋមន្ត្រីមកពីប្រទេសផលិតប្រេងសំខាន់ៗ នឹងសម្រេចចិត្តថា តើត្រូវកាត់បន្ថយទិន្នផលបន្ថែមទៀត ដើម្បីគាំទ្រប្រាក់ចំណូលរបស់រដ្ឋាភិបាល ឬយ៉ាងណា។
យ៉ាងណាក្ដី ការធ្លាក់ចុះបន្ថែមទៀត នៅក្នុងទិន្នផលប្រេងរបស់OPEC + បន្ទាប់ពីមានការកាត់បន្ថយដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១,១៦លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីខែមេសា នឹងអាចនាំឲ្យមានការកើនឡើងនូវតម្លៃប្រេងឆៅ៕
